(ភ្នំពេញ)៖ សម្តេច ព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ ទ្រង់បានផ្ញើព្រះរាជសារជូនពរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសខួបកំណើតនាថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩នេះ។
នៅក្នុងព្រះរាជសាររបស់សម្តេចម៉ែ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩នេះ សម្តេចម៉ែ បានមានព្រះរាជបន្ទូលថា នៅក្នុងឱកាសដ៏នក្ខត្តឫក្ស នៃខួបចម្រើនជន្មាយុរបស់សម្តេចតេជោ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩ខាងមុខនេះ ខ្ញុំមានហឫទ័យសោមនស្សរីករាយ សូមប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរ សូមសម្តេចតេជោ ទទួលបាននូវមហាជោគជ័យថ្មីៗបន្តទៀត ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តម បម្រើជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា។
សម្តេចតេជោ ជាប្រមុខដឹកនាំជាតិ ដ៏ឈ្លាសវៃ និងប៉ិនប្រសប់បំផុត ក្នុងការកសាងសមិទ្ធផលជាតិលើគ្រប់វិស័យ ទទួលបាននូវមហាជោគជ័យ ដើម្បីជាឧត្តមប្រយោជន៍ ប្រជាជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា ព្រមទាំងបានខិតខំបំបាត់ភាពក្រីក្រក្នុងសង្គមជាតិ និងលើកតម្កើងកិត្យានុភាពនៃប្រជាជាតិយើង នៅលើឆាកអន្តរជាតិ។
នៅក្នុងឱកាសដ៏ថ្លៃថ្លានេះ ខ្ញុំសូមសម្តែងនូវសេចក្តីកោតសរសើរដ៏កក់ក្តៅជាទីបំផុត និងសូមផ្តល់ការគាំទ្រជានិច្ច ចំពោះសម្តេចតេជោ ជាអ្នកស្នេហាជាតិដ៏ខ្ពង់ខ្ពស់ ហើយខិតខំបំពេញភារកិច្ចក្នុង បុព្វហេតុជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា គ្រប់កាលៈទេសៈទទួលបានជ័យជម្នះគ្រប់ភារកិច្ច និងសូមជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សូមបានប្រកបតែនឹងព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ខាងក្រោមនេះជាព្រះរាជសាររបស់សម្តេចម៉ែ៖