(ភ្នំពេញ)៖ នៅទីបំផុតនៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩នេះលោក ផែង វណ្ណៈ ដែលជាអ្នកលេង Facebook ម្នាក់បង្កអសន្តិសុខដល់សង្គម ត្រូវបានកម្លាំងអាវុធហត្ថលើផ្ទៃប្រទេសចាប់ឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីបង្ហោះលើ Facebook នាំឲ្យសាធារណជនយល់ច្រឡំថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ពាក់ព័ន្ធនឹងឃាតកម្មលើលោក កែម ឡី។
ការចេញដីកាពីសំណាក់ព្រះរាជអាជ្ញា ចាប់ឃាត់ខ្លួនលោក ផែង វណ្ណៈ ធ្វើឡើងបន្ទាប់ពីមេធាវីរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ បានដាក់ពាក្យបណ្តឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដោយប្តឹងលោក ផែង វណ្ណៈ ពីបទប្រើប្រាស់បណ្តាញសង្គម Facebook ផ្សព្វផ្សាយដល់ សាធារណជន គោលបំណងបរិហាកេរ្តិ៍ ជាសាធារណៈលើ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងមានចេតនាពេញទី គោលបំណងញុះញង់ឲ្យប្រព្រឹត្ត បទឧក្រិដ្ឋជាអាទិ៍ ដែលជាអំពើផ្ទុយនឹង បញ្ញត្តិមាត្រា៣០៥ និងបញ្ញត្តិមាត្រា ៤៩៤-៤៩៥ នៃក្រមព្រហ្មទណ្ឌ។
មេធាវីរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចដាក់ពាក្យបណ្តឹងទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ ដោយប្តឹងលោក ផែង វណ្ណៈ ពីបទប្រើប្រាស់បណ្តាញសង្គម Facebook ផ្សព្វផ្សាយដល់សាធារណជន គោលបំណងបរិហាកេរ្តិ៍ជាសាធារណៈលើ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងមានចេតនាពេញទី គោលបំណងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ដែលជាអំពើផ្ទុយនឹងបញ្ញត្តិមាត្រា៣០៥ និងបញ្ញត្តិមាត្រា ៤៩៤-៤៩៥ នៃក្រមព្រហ្មទណ្ឌ។
ពាក្យបណ្តឹងរបស់លោក គី តិច មេធាវីរបស់សម្តេចតេជោ ហ៊ុន សែន ប្តឹងលោក ផែង វណ្ណៈ ដោយយោងតាមពាក្យបណ្ដឹង និងភស្តុតាងរបស់អង្គភាពព័ត៌មាន Fresh News ដែលទៅតុលាការចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ និងពាក្យសុំបញ្ចូលភស្តុតាង ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ របស់ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ។
នៅក្នុងពាក្យបណ្តឹងរបស់មេធាវីសម្តេចតេជោ ហ៊ុន សែន គឺលោក គី តិច បានបញ្ជាក់ថា ឈ្មោះ ផែង វណ្ណៈ បានធ្វើសំណេរផ្សព្វផ្សាយតាមទំព័រ (Page Facebook របស់ខ្លួនថា «គំនិតគួរពិចារណា !!! ១- លោក ផែង វណ្ណៈ ចាងហ្វាងការផ្សាយ និងជានិពន្ធនាយក គេហទំព័រ Pheng Vannak News តំណាងអោយម្ចាស់រថយន្តលេខ 2AF-7777 យកថវិកាចំនួន ៥០០០ ដុល្លារ ទៅចូលបុណ្យដល់ក្រុមគ្រួសារសពនិស្សិត ឌុំ រីដា ត្រូវលោកទេសរដ្ឋមន្ត្រី ពេជ្រ ស្រស់ ប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ។ បញ្ជាក់៖ ម្ចាស់រថយន្ត 2AF-7777 គឺ ឈ្មោះ យិន វ៉ិច លោក យិន វ៉ិច មិនមែនជាជនបង្ករទេ កូនទេដែលបង្ករត្រូវចែកគ្នាអោយដាច់រវាងម្ចាស់រថយន្ត និងជនបង្ករ។ ២- លោក លឹម ជាយុត្ថា អគ្គនាយក អង្គភាព Fresh News តំណាងអោយថ្នាក់ដឹកនាំនាំយកថវិកា ចំនួន ៥០០០០ ដុល្លារ ទៅចូលបុណ្យដល់ក្រុមគ្រួសារលោកបណ្ឌិត កែម ឡី ដើម្បីធ្វើ ចេតិយម្តេច លោកទេសរដ្ឋមន្ត្រី ពេជ្រ ស្រស់ មិនប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ ? ខុសគ្នាដូចម្តេចខ្លះ បើកាន់លុយជាតំណាងទៅចូលបុណ្យដូចគ្នា ?»។
មេធាវីសម្តេចតេជោ ហ៊ុន សែន បានអះអាងថា សំណេរនេះបានបញ្ជាក់ច្បាស់ថា ឈ្មោះ ផែង វណ្ណៈ ពិតជាមានផែនការច្បាស់លាស់ និង ចេតនាទុច្ចរិតពិតប្រាកដធ្វើការ ប្រៀបធៀប ក្នុងបំណងចោទប្រកាន់ និងទម្លាក់កំហុសទៅលើសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថា ជាឃាតកសម្លាប់លោកបណ្ឌិត កែម ឡី។
សំណេរនេះឈ្មោះ ផែង វណ្ណៈ ក៏បានធ្វើការផ្សព្វផ្សាយជាសាធារណៈ តាមទំព័រ (Page) Facebook របស់ខ្លួន ក្នុងបំណងឲ្យសាធារណជន (Friends) មានការភាន់ច្រឡំ ជឿជាក់ និងទម្លាក់កំហុសទៅលើ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាថ្នាក់ដឹកនាំកំពូលនៃព្រះរាជាណាចក្រកម្ពុជា និងក៏ជាចេតនាទុច្ចរិត ដែលមានចរិតញុះញង់ ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។ ជាក់ស្តែងសាធារណជនដែលជា (Friends) បានបញ្ចេញជាទស្សនៈ យោបល់ (Comment) ជាច្រើន ដោយមានការភាន់ច្រឡំ និងសំដៅទៅលើ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថាជា ឃាតករសម្លាប់ លោកបណ្ឌិត កែម ឡី។
មេធាវីសម្តេចតេជោ ហ៊ុន សែន សុំប្តឹង និងធ្វើសំណូមពរ ចំពោះលោកព្រះរាជអាជ្ញា ធ្វើការពិនិត្យសម្រេចឃាត់ខ្លួន ឬចាប់ខ្លួន និងឃុំខ្លួន ឈ្មោះ ផែង វណ្ណៈ ជាបន្ទាន់
ដើម្បីទប់ស្កាត់ការប្រព្រឹត្តអំពើល្មើសជាបន្តបន្ទាប់ ដែលអាចនាំឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ អង្គភាពព័ត៌មាន Fresh News តាមរយៈមេធាវីរបស់ខ្លួន បានដាក់ពាក្យបណ្តឹងចូលសាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្តឹងលោក ផែង វណ្ណៈ ពីបទ «បរិហារ្តិ៍ជាសាធារណៈ» បន្ទាប់ពីជននេះបានចោទប្រកាន់អង្គភាពព័ត៌មាន Fresh News ដោយមិនមានមូលដ្ឋាន។
នៅក្នុងពាក្យបណ្តឹងនេះ អង្គភាពព័ត៌មាន Fresh News បានស្នើសុំដល់ស្ថាប័នតុលាការចាត់វិធានការតាមផ្លូវច្បាប់ឱ្យម៉ឺងម៉ាត់បំផុត ដើម្បីជួយរកយុត្តិធម៌សម្រាប់ អង្គភាពរងគ្រោះ ពាក់ព័ន្ធនឹងការបរិហាកេរ្តិ៍ជាសាធារណៈនេះ ហើយអង្គភាពព័ត៌មាន Fresh News សូមស្នើសុំទាមទារសំណងជំងឺចិត្តចំនួន៥០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដើម្បីប៉ះប៉ូវទៅនឹងការខូចខាតកិត្តិយសដ៏ធ្ងន់ធ្ងរនេះ ដែលបង្កឡើងដោយជននេះ ហើយសំណងទាំាំងអស់នឹងប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា ដោយគ្មានទុកមួយសេនឡើយ។
មុននឹងឈានដល់ការដាក់ពាក្យប្តឹង លោក ផែង វណ្ណៈ ពីបទបរិហាកេរ្តិ៍ ដោយទាមទារសំណងជំងឺចិត្ត ៥០ម៉ឺនដុល្លារនេះ អង្គភាពព័ត៌មាន Fresh News ក៏បានស្នើឱ្យលោក ផែង វណ្ណៈ កែតម្រូវ និងសុំទោស ក្នុងរយៈពេល២៤ម៉ោង ចំពោះអ្វីដែលលោកបាននិយាយបំពានមកលើ Fresh News ផងដែរ ប៉ុន្តែផ្ទុយទៅវិញ លោកពុំបានកែតម្រូវនោះទេ ថែមទាំងជំរុញឱ្យ Fresh News ដាក់ពាក្យបណ្តឹងថែមទៀត ដោយលោកសរសេរសារនៅក្នុងក្រុមតេលេក្រាមមួយថា «ប្ដឹងចុះ ចាំខ្ញុំទៅបំភ្លឺ»៕