(វ៉ាស៊ីនតោន)៖ រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក (FAA) នៅថ្ងៃចន្ទដើម សប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានបង្ខំឲ្យក្រុមហ៊ុន ផលិតយន្តហោះ Boeing ធ្វើការងារឲ្យសកម្មជាងនេះទៀត ក្នុងការដោះស្រាយបញ្ហាដែលកំពុងកើតមាន លើ ប្រភេទ យន្តហោះ Boeing 737 MAX មុននឹងវាត្រូវបញ្ជូនមកធ្វើការត្រួតពិនិត្យបន្តទៀត ដើម្បីសុំការអនុម័ត។ នេះបើ តាមការចេញផ្សាយដោយ Channel News Asia នាព្រឹកថ្ងៃអង្គារ ទី០២ ខែមេសា ឆ្នាំ២០១៩។
អ្នកនាំពាក្យរបស់ FAA បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា «យើងត្រូវការភាពសកម្មបន្ថែមទៀត ដើម្បីឲ្យប្រាកដច្បាស់ Boeing បានឆ្លើយតបនូវរាល់ភាពមិនប្រក្រតី ដែល ជាបញ្ហាធ្លាប់ ត្រូវបានលើកឡើងកន្លងមក...។ FAA នឹងមិនអនុម័ត ចំពោះការដាក់បញ្ចូលកម្មវិធី (Software Installation) ថ្មីនោះឡើយ លុះត្រាណាតែស្ថាប័ននេះមានការឯកភាព ទៅនឹងរបាយការណ៍ដែលត្រូវបានដាក់ឲ្យត្រួតពិនិត្យនោះជាមុនសិន...»។
គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍របស់ FAA ខាងលើនេះបានកើតមានឡើងបន្ទាប់ពីមន្ត្រី របស់ FAA បានធ្វើទស្សនកិច្ចនៅរោងចក្រផលិតយន្តហោះរបស់ Boeing ដែលស្ថិតនៅក្នុង ទីក្រុងសៀតថល (Seattle) រដ្ឋវ៉ាស៊ីនតោន (Washington State) ដើម្បីពិនិត្យអំពើដំណើរការនៃការស្វែងរក បញ្ហាលើយន្តហោះត្រកូល Boeing 737 MAX បន្ទាប់ពីវាត្រូវបានផ្អាកដំណើរការនៅទូទាំងពិភពលោក ក្រោយកើតមានករណីធ្លាក់នៅអេត្យូពី និងឥណ្ឌូណេស៊ី ដែលក្រុមជំនាញអះអាងថា ត្រូវបានបង្កឡើងដោយមូលហេតុស្រដៀងគ្នា នោះគឺបញ្ហាផ្នែកប្រព័ន្ធរក្សាតុល្យភាពស្វ័យប្រវត្តិ ដែលមានបំពាក់លើយន្តហោះប្រភេទនេះតែម្តង៕