(ភ្នំពេញ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩នេះថា នៅត្រីមាសទី១ ឆ្នាំនេះ ស៊ីម៉ាក់រំដោះផ្ទៃដីតំបន់គ្រាប់មីន បាន២៥គីឡូម៉ែត្រក្រឡា និងកំទេចគ្រាប់មីនជាង៩ពាន់គ្រាប់។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា «ក្រោមដំណក់ញើស និងការលះបង់ថាមពលខ្ពស់ របស់មន្ត្រីជំនាញទាំងអស់ នៅសមរភូមិមុខ ក្នុងរយៈពេល៣ខែ (ត្រីមាសទី១) ឆ្នាំ២០១៩នេះ អង្គភាពស៊ីម៉ាក់ បានរំដោះផ្ទៃដីតំបន់មីន/គ្រាប់ បានចំនួនប្រមាណ២៥គីឡូម៉ែត្រក្រឡា ស្មើនឹងប្រមាណ៩០% នៃផែនការ បានរុករកឃើញ និងកំទេចចោលគ្រាប់មីន/គ្រាប់យុទ្ធភណ្ឌ័មិនទាន់ផ្ទុះគ្រប់ប្រភេទ ជាង៩,៤០០គ្រាប់»។

លោកបានលើកឡើងទៀតថា ស៊ីម៉ាក់ក៏បានអប់រំយល់ដឹងពីគ្រោះថ្នាក់ ដោយសារមីនដល់ប្រជាពលរដ្ឋ បានជាង៨០,០០០នាក់ និងធ្វើការសហការជាមួយអាជ្ញាធរមូលដ្ឋាន និងនគរបាលមូលដ្ឋានឆ្លើយតបដោះស្រាយសំណូមពរ ប្រជាពលរដ្ឋបោសសំអាតគ្រាប់បន្ទាន់ៗ បានជាង១០០០ករណី។

ទន្ទឹងនឹងជោគជ័យនេះ លោក ហេង រតនា ក៏មានការសោកស្តាយ ដែលចំនួនប្រជាពលរដ្ឋរងគ្រោះថ្នាក់ ដោយសារគ្រាប់មីន/គ្រាប់ មានចំនួន៤៤នាក់ (ទាំងស្លាប់និងរងរបួស)។

ជាមួយគ្នានេះ លោកសូមថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ភ្នាក់ងារផ្តល់ជំនួយ អាជ្ញាធរមូលដ្ឋាន និងដៃគូទាំងអស់ ដែលបានផ្តល់ការគាំទ្រយ៉ាងកក់ក្តៅ ដើម្បីឲ្យកំលាំងអង្គភាពស៊ីម៉ាក់ បានបំពេញការងារមនុស្សធម៌ ជូនប្រជាពលរដ្ឋប្រកបដោយជោគជ័យ៕