(សៀមរាប)៖ ក្នុងគោលបំណងស្តារឡើងវិញហេដ្ឋារចនាសម្ព័ន្ធបុរាណ និងសម្រួលការធ្វើដំណើរទូទៅដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ អាជ្ញាធរជាតិអប្សរា ទើបនឹងជួសជុលផ្លូវដីក្រហមចំនួន ២ខ្សែ នៅខ្នងទំនប់បារាយណ៍ខាងលិច។ ការជួសជុលនេះ គឺនៅផ្នែកខាងកើត និងផ្នែកខាងលិច ដែលមានប្រវែងសរុបជិត ៣ពាន់ម៉ែត្រ។
លោក មាន់ ផានិត មន្រ្តីបច្ចេកទេសនាយកដ្ឋានគ្រប់គ្រងទឹក ទទួលបន្ទុកការងារនៅបារាយណ៍ខាងលិចបានលើកឡើងថា កន្លងមកផ្លូវតាមខ្នងទំនប់បានរងការខូចខាត មានជង្ហុកធំៗ ហើយនៅពេលមានភ្លៀងតែងមានទឹកហូរច្រោះ ដែលធ្វើឱ្យខ្នងទំនប់រងការខូចខាត។ បន្ថែមលើនេះ ការធ្វើដំណើរតាមផ្លូវខ្នងទំនប់មានភាពលំបាក ដែលប្រជាពលរដ្ឋអាចឆ្លងកាត់បានត្រឹមតែកង់ និងម៉ូតូតែប៉ុណ្ណោះ។
ក្រៅពីផលប្រយោជន៍ខាងលើ លោក ផានិត បានលើកឡើងថា ផ្លូវនេះក៏បានសម្រួលដល់ភ្ញៀវទេសចរដែលនិយមមកទស្សនាថ្ងៃរះ និងថ្ងៃលិចនៅខ្នងបារាយណ៍ដែរ។ ការជួសជុលនេះសរុបជិត ៣គីឡូម៉ែត្រ ប៉ុន្ដែការជួសជុលនាពេលកន្លងមក សរុបបានចំនួន ១០គីឡូម៉ែត្រហើយ។ អាជ្ញាធរជាតិអប្សរា នឹងបន្ដជួសជុលប្រវែង ១០គីឡូម៉ែត្រទៀតដែលនៅសេសសល់ចំពោះផ្លូវនៅលើខ្នងបារាយណ៍នេះ។
ប្រជាពលរដ្ឋដែលធ្វើដំណើរកាត់ផ្លូវទាំងនេះ បានសាទរចំពោះសមិទ្ធផល និងអរគុណដល់អាជ្ញាធរជាតិអប្សរាចំពោះការអភិវឌ្ឍបង្កើតសមិទ្ធិផលថ្មីៗនៅមូលដ្ឋានរបស់ប្រជាពលរដ្ឋ។
លោក ឆាយ ផាត និងគ្រួសារដែលកំពុងជិះម៉ូតូកាត់ផ្លូវដីក្រហមថ្មី ដែលទើបជួសជុលបានបង្ហាញការចាប់អារម្មណ៍ថា ការធ្វើដំណើរតាមផ្លូវខ្នងទំនប់ពេលនេះមានភាពងាយស្រួល ព្រោះកន្លងមកនៅរដូវប្រាំងមានជង្ហុកធំៗ រីឯរដូវភ្លៀងរអិលខ្លាំង ពិបាកធ្វើដំណើរណាស់៕