(រដ្ឋតិចសាស់-អាមេរិក)៖ កម្ពុជារំពឹងទុកថាទទួលបានកំណើនទេសចរ និងវិនិយោគិនកាន់តែច្រើនថែមទៀតពីសហរដ្ឋអាមេរិក បន្ទាប់ពីប្រតិភូក្រសួងទេសចរណ៍ដឹកនាំដោយលោក សូ វិសុទ្ធី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងលោករដ្ឋមន្ត្រី ថោង ខុន បានចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងវប្បធម៌កម្ពុជានៅក្នុងពិព័រណ៍ទេសចរណ៍អន្តរជាតិ Travel & Adventure Show 2019 លើកទី៩ ចាប់ពីថ្ងៃទី៣០-៣១ ខែមីនា ឆ្នាំ២០១៩ នៅទីក្រុងដាឡាស រដ្ឋតិចសាស់ សហរដ្ឋអាមេរិក។
ពិព័រណ៍ Travel & Adventure Show ជាពិព័រណ៍ទេសចរណ៍ដ៏ធំជាងគេនៅទ្វីបអាមេរិកខាងជើង ដែលប្រារព្វធ្វើឡើងជារៀងរាល់ឆ្នាំ នៅទីក្រុងសំខាន់ចំនួន៩ផ្សេងគ្នា ដោយឡែកឆ្នាំនេះនៅទីក្រុងដាឡាស រដ្ឋតិចសាស់ មានការចូលរួមតាំងពិព័រណ៍ជាង ៥០០ក្រុមហ៊ុន មកពីប្រមាណ ៧០ប្រទេស ក្នុងនោះពន្លាក្រសួងទេសចរណ៍បានរៀបចំតុបតែងយ៉ាងល្អវិចិត្រ និងមានភាពទាក់ទាញ បង្ហាញអំពីសម្បត្តិបេតិកភណ្ឌ វប្បធម៌ ធម្មជាតិ និងគោលដៅទេសចរណ៍កម្ពុជា៖ «ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ» ធ្វើឲ្យមានការចាប់អារម្មណ៍អំពីភ្ញៀវចូលមកទស្សនា និងសាកសួព័ត៌មានយ៉ាងច្រើនផុលផុស ឈានដល់ការជ្រើសរើសដំណើរទស្សនកិច្ចមកកម្ពុជាក្នុងរដូវវិស្សមកាល ជាមួយគ្នានេះដែរសមាគមន៍ខ្មែរនៅទៅនោះ ក៏បានចូលរួមសម្តែងសិល្បៈបង្ហាញអំពីសម្បត្តិវប្បធម៌ដ៏ល្អផូផង់ដល់ភ្ញៀវទេសចរផងដែរ។
នៅក្នុងឱកាសនោះ លោក សូ វិសុទ្ធី បានចូលរួមជាវាគ្មិនធ្វើបទបង្ហាញនៅក្នុងវេទិការគោលដៅទេសចរណ៍អន្តរជាតិ និងបានរៀបចំវេទិការជាមួយសហគមពាណិជ្ជកម្ម និងទេសចរណ៍អាមេរិក ដើម្បីជំរុញការផ្សព្វផ្សាយពីសក្តានុពលវិស័យទេសចរណ៍កម្ពុជា និងឱកាសវិនិយោនៅកម្ពុជាផងដែរ។ ព្រមជាមួយនោះ ក៏បានទទួលការស្នើរសុំធ្វើដំណើទស្សនកិច្ចសិក្សារបស់ក្រុមសាស្ត្រាចារ្យអាមេរិក អំពីគណកម្មការកិច្ចការបរទេសរបស់ទីក្រុងដាឡាស។
ប្រតិភូក្រសួងទេសចរណ៍ ក៏បានចុះសួរសុខទុក្ខប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុងរដ្ឋតិចសាស់ និងរដ្ឋជិតខាង ក្នុងឱកាសនៃការៀបចំកម្មវិធីអបអរបុណ្យចូលឆ្នាំប្រពៃណីយជាតិ ដែលបានខិតជិតមកដល់ និងបានពាំនាំនូវការនឹករលឹក និងចែករំលែកអំពីបច្ចុប្បន្នភាព និងវិបុលភាពកម្ពុជា ក្រោយកាដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្នុងបរិយាកាសសប្បាយរីករាយ សាមគ្គី និងស្និទ្ធស្នាលក្រៃលែង។
គួរគាត់សម្គាល់ថា នៅឆ្នាំ២០១៨ កម្ពុជាទទួលបានទេសចរអាមេរិកចំនួនជាង ២៥ម៉ឺននាក់ ស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ៦ នៃទីផ្សារធំៗទាំង១០របស់កម្ពុជា ដែលបានចូលរួមដល់កំណើនទេសចរអន្តរជាតិចំនួន ៦.២លាននាក់ ក្នុងឆ្នាំ២០១៨៕