(ភ្នំពេញ)៖ បច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បាននិងកំពុងគិតគូរយ៉ាងយកចិត្តទុកដាក់ ដើម្បីបង្កើនការផលិត ថាមពលអគ្គិសនី ពិសេសថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ (សូឡា) ផ្ទុយពីការរិះគន់របស់វិទ្យុឧទ្ទាមបរទេសអាស៊ីសេរី។ នេះជាការថ្លែងនៅក្នុងបទសម្ភាសន៍រវាងលោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជា ជាមួយអគ្គនាយកអង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩។
ការចេញមកបញ្ជាក់របស់លោក កែវ រតនៈ ធ្វើឡើងបន្ទាប់ពីវិទ្យុដែលមាននិន្នាការប្រឆាំង ជាមួយរាជរដ្ឋាភិបាលកម្ពុជាបានផ្សាយចោទប្រកាន់ថា ការទិញនាវាអគ្គិសនីពីប្រទេសគួកគី ដើម្បីផ្គត់ផ្គង់ជាបណ្ដោះអាសន្ននៅពេលកម្ពុជា កំពុងតែខ្វះថាមពលអគ្គិសនី មិនមែនជាដំណោះស្រាយល្អ ចំពោះបញ្ហានេះនោះទេ។
លោក កែវ រតនៈ បានបញ្ជាក់នៅក្នុងកិច្ចសម្ភាសន៍អំពីបញ្ហានេះយ៉ាងដូច្នេះថា «វិទ្យុឧទ្ទាមអាស៊ីសេរីផ្សាយថា រដ្ឋាភិបាលមិនគិតគូរ អំពីបញ្ហាកង្វះថាមពលអគ្គិសនី ដើម្បីឲ្យប្រជាពលរដ្ឋប្រើប្រាស់នោះ តាមពិតទៅរដ្ឋាភិបាលគិតគូរណាស់ ដូចជាការខិតខំពង្រីកថាមពលដើរដោយពន្លឺព្រះអាទិត្យខ្នាតធំ ដែលយើងហៅថា សូឡា [...] ការគិតគូរនេះរាជរដ្ឋាភិបាលអត់មាន យកពន្ធនាំចូលអ្វីនោះទេ ខុសពីអ្នកមួយចំនួន ដែលថារដ្ឋាភិបាលយកពន្ធលើបញ្ហានេះ»។
អគ្គនាយកអគ្គិសនីកម្ពុជារូបនេះ បានអះអាងថា ស្ថានីយ៍ថាមពលដើរដោយពន្លឺព្រះអាទិត្យនោះរួមមាន នៅក្រុងបាវិត ខេត្តស្វាយរៀង មានអានុភាព១០មេហ្គាវ៉ាត់, ៦០មេហ្គាវ៉ាត់ នៅត្មាតពង ក្នុងស្រុកឧដ្គុង ខេត្តកំពង់ស្ពឺ, ១២០មេហ្គាវ៉ាត់ នៅខេត្តកំពង់ឆ្នាំង និង៦០មេហ្គាតវ៉ាត់ នៅខេត្តពោធិ៍សាត់ ដែលទាំងអស់នេះ ជាការគិតគូររួចទៅហើយ របស់រាជរដ្ឋាភិបាលកម្ពុជា លើបញ្ហាថាមពលអគ្គិសនី។
លោក កែវ រតនៈ បានគូសបញ្ជាក់បន្ថែមថា នៅពេលខាងមុខនេះរាជរដ្ឋាភិបាល នឹងសិក្សាមើលជម្រើសជាច្រើនផ្សេងទៀត ដើម្បីប្រើប្រាស់ថាមពលដើរដោយពន្លឺព្រះអាទិត្យ ឲ្យកាន់តែមានប្រសិទ្ធភាព និងកាន់តែទូលំទូលាយ ហើយទាំងអស់នេះជាការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាល និងអគ្គិសនីកម្ពុជា។
ក្នុងរដូវប្រាំងនៅឆ្នាំ២០១៩នេះ កម្ពុជានឹងជួបគ្រោះក្តៅហួតហែងខ្លាំង ជាពិសេសក្នុងអំឡុងខែមេសា និងឧសភា ខាងមុខ ដែលកម្តៅនឹងហក់ឡើងដល់៤០ ទៅ៤២អង្សា ដោយសារតែការរងដោយប្រយោលនៃឥទ្ធិពល បាតុភូតអែលនីណូ (El Nino) ដែលធ្វើឲ្យវារីអគ្គិសនី មិនអាចផលិតថាមពលបានគ្រប់គ្រាន់។ កម្ពុជាកំពុងខ្វះថាមពលអគ្គិសនី ប្រមាណ៤០០មេហ្គាវ៉ាត់។
ចំពោះកង្វះខាតអគ្គិសនីនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវឲ្យប្រជាពលរដ្ឋ មានភាពអត់ធ្មត់ និងយោគយល់អធ្យាស្រ័យ។ សម្តេចបានបញ្ជាក់ថា កង្វះថាមពលអគ្គិសនីនេះ មិនទាន់ប៉ះពាល់ដល់សង្វាក់ផលិតកម្មនៅតាមរោងចក្រ សហគ្រាសនៅឡើយទេ ព្រោះកម្ពុជានៅមានថាមពលអគ្គិសនី រហូតដល់ជាង ១,០០០ មេហ្គាវ៉ាត់ទៀតឯណោះ៕