(ព្រះវិហារ)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានចាត់ទុកអ្នកសារព័ត៌មាន ជាដៃគូរដ៏ល្អសម្រាប់ការដឹកនាំរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ លោកថា អាជ្ញាធរធ្វើសកម្មភាព ការអភិវឌ្ឍន៍បានច្រើន ប៉ុន្តែបើគ្មានការផ្សព្វផ្សាយពីអ្នកសារព័ត៌មានទេ ប្រជាពលរដ្ឋនឹងថ្នាក់ជាតិលោកមិនបានឃើញទេ។
ការថ្លែងរបស់លោក អ៊ុន ចាន់ដា បែបនេះ ក្នុងឱកាសដែលលោកអញ្ជើញចូលរួមសំណេះសំណាលជាមួយ អ្នកសារព័ត៌មានប្រចាំខេត្តព្រះវិហារ ដោយមានការចូលរួមពីសំណាក់ប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត អភិបាលក្រុង-ស្រុកទាំង៨ នៅរសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩នេះ។
លោក អ៊ុន ចាន់ដា បានថ្លែងថា «សារព័ត៌មានជាដៃគូរដ៏ល្អរបស់ថ្នាក់ក្រោមជាតិ ជាកញ្ចក់ឆ្លុះបញ្ចាំងដែលថ្នាក់ក្រោមជាតិបានធ្វើ»។
ជាមួយគ្នានោះ លោកក៏បានស្នើសុំថា អ្នកសារព័ត៌មានត្រូវដើរតួជាកញ្ចក់ ត្រូវបង្ហាញអ្វីដែលជាការពិត និងមានភាពស្មោះត្រង់និងគ្នា។ ដៃគូរដ៏ល្អគឺជាដៃគូរដែលមានភាពស្មោះត្រង់ជាមួយគ្នា បើសិនមិនមានភាពស្មោះត្រង់ទេ កញ្ចក់ដែលបងប្អូនបញ្ចាំងទៅយូរទៅ នឹងមានភាពប្រេះស្រាំ ព័ត៌មានមិនពិត នឹងបានបង្ហាញឲ្យឃើញពីការបាត់បង់នូវប្រជាប្រិយភាព និងបាត់បង់នូវការគាំទ្រ ហើយសារព័ត៌មាននោះនឹងប្រឈមការដួលរលំនៅថ្ងៃអនាគតមិនខាន។
លោកអភិបាលខេត្តព្រះវិហារ បានសំណូមពរឲ្យអ្នកសារព័ត៌មាន ត្រូវចេះសាមគ្គីគ្នាជាធ្លុងមួយ ក្នុងការប្រាស្រ័យទាក់ទងគ្នា ដោះដូរព័ត៌មានគ្នាទៅវិញទៅមក ពិសេសត្រូវចេះឆ្លើយតបនឹង វាយបកចំពោះ ព័ត៌មានក្លែងក្លាយ ដែលបានផ្សាយប្រឌិតក្នុងខេត្តរបស់យើង។ ទន្ទឹមនិងនោះដែរ លោកក៏បានស្នើសុំឲ្យប្រធានមន្ទីរ អង្គភាព និងអាជ្ញាធរមូលដ្ឋាន កុំចាត់ទុកសារព័ត៌មានជាយន្តការ ដោយឡែកឲ្យសោះ កុំរើសអើង បើយើងចាត់ទុកអ្នកសារព័ត៌មានជាយន្តការដាច់ដោយឡែកនោះ យើងនឹងស្ថិតក្នុងភាពឯកោរ ជាអ្នកដឹកនាំដែលគ្មានទំនាក់ទំនងជាក់ជាមិនខាន៕