(ព្រៃវែង)៖ ប្រាសាក់ បានសម្ពោធដាក់ឱ្យប្រើប្រាស់នូវអគារបណ្ណាល័យមួយខ្នង ស្ថិតនៅសាលាបឋមសិក្សា និងអនុវិទ្យាល័យ ក្រចាប់ ក្រោមអធិបតីភាពរបស់ លោក យ៉ាវ សានិន អភិបាលនៃគណៈអភិបាលស្រុកកំពង់ត្របែក និងជាតំណាងអភិបាលនៃគណៈអភិបាលខេត្តព្រៃវែង កាលពីចុងខែមីនា ឆ្នាំ២០១៩ ។

ចូលរួមជា គណៈអធិបតី និងភ្ញៀវកិត្តិយសក្នុងពិធីនេះដែររួមមាន លោក ស៊ុន ប៊ុណ្ណា អនុប្រធាននាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា លោក វ៉ែន ប្រណី អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រៃវែង និង លោក អ៊ុំ សមអឿន អនុប្រធាននាយកប្រតិបត្តិ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ព្រះសង្ឃ អាជ្ញាធរដែនដី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនរយនាក់ នៅក្នុងសហគមន៍ ឃុំពាមមន្ទារ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

លោក វ៉ែន ប្រណី អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រៃវែង បានរាយការណ៍ពីស្ថានភាពនៃវិស័យអប់រំនៅក្នុងស្រុកកំពង់ត្របែក និងថ្លែងអំណរគុណចំពោះប្រាសាក់ ដែលសាងសង់អគារបណ្ណាល័យ នៅក្នុងទឹកដីស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដែលជានេះកាយវិការសម្បុរសធម៌ និងចូលរួមលើកកម្ពស់វិស័យអប់រំនៅតាមមូលដ្ឋាន។

លោក អ៊ុំ សមអឿន បានថ្លែងថា «ការសាងសង់អគារបណ្ណាល័យនេះ ជាការងារសង្គមដែលប្រាសាក់ធ្វើឡើង ដើម្បីផ្តល់ជាប្រយោជន៍ជូនដល់បងប្អូនប្រជាពលរដ្ឋ ក្នុងសហគមន៍ និងចូលរួមលើកកម្ពស់សមត្ថភាពរបស់សិស្សានុសិស្ស ដែលជាកូនជាចៅរបស់ប្រជាពលរដ្ឋ នៅតាមសហគមន៍ ពិសេសនៅតាមទីជនបទ»

លោកបានបន្ថែមថា ក្នុងគម្រោងបណ្ណាល័យនេះ គឺប្រាសាក់បានប្រើប្រាស់ថវិការបស់ខ្លួន ក្នុងការកសាងជាអគារបណ្ណាល័យផង ទាំងការផ្ដល់ជាសៀវភៅ សម្ភារ បរិក្ខារ ការបណ្ដុះបណ្ដាលបណ្ណារក្ស និងការគាំទ្រគម្រោងរយៈពេល៣ឆ្នាំទៀតផង។ យើងពិតជាមានសេចក្ដីរីករាយណាស់ ដែលបានសាងសង់អគារបណ្ណាល័យទី៣ នៅក្នុងខេត្តព្រៃវែងនេះ ហើយបណ្ណាល័យ២ផ្សេងទៀត ដែលយើងផ្ដល់បានជូនរួចមកហើយ គឺស្ថិតនៅសាលាបឋមសិក្សាសិរីមង្គល នៅស្រុកស្វាយអន្ទរ និងសាលាបឋមសិក្សាស្នាយពល នៅស្រុកពារាំង។គិតត្រឹមខែមីនា ឆ្នាំ២០១៩នេះ ប្រាសាក់បានកសាងអគារបណ្ណាល័យសរុបរហូតដល់៣៤ខ្នង នៅក្នុងខេត្តចំនួន១១ រួមមាន ព្រៃវែង តាកែវ កំពង់ស្ពឺ កំពង់ចាម កណ្តាល កំពង់ធំ សៀមរាប ព្រះវិហារ បាត់ដំបង ស្វាយរៀង និងបន្ទាយមានជ័យ។

ថ្លែងក្នុងឱកាសនោះ លោក ស៊ុន ប៊ុណ្ណា អនុប្រធាននាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា ក៏បានសម្ដែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរ ចំពោះប្រាសាក់ ដែលបានផ្ដល់មូលនិធិកសាងបណ្ណាល័យ មួយនេះ។ លោកបញ្ជាក់ថា អគារបណ្ណាល័យមួយនេះ ពិតជាមានតម្លៃខ្លាំងណាស់ សម្រាប់សិស្សានុសិស្ស និងអ្នករស់នៅស្រុកកំពង់ត្របែកនេះ ព្រោះថាពីមុននៅទីនេះពិបាកស្វែងរកឯកសារ ឬសៀវភៅអាន សម្រាប់ជាព័ត៌មានបន្ថែមណាស់ ។

លោកបន្ដថា ប៉ុន្តែឥឡូវនេះ ពួកគាត់មិនពិបាកដូចមុនទៀតនោះទេ ដោយសារនៅពេលនេះ មានអគារបណ្ណាល័យដ៏ស្រស់ស្អាតមួយ ដែលមានសៀវភៅគ្រប់គ្រាន់ សម្រាប់ឱ្យសិស្សានុសិស្ស ក៏ដូចជាពលរដ្ឋ បានធ្វើការសិក្សាស្រាវជ្រាវបន្ថែម។ លោកក៏បានអរគុណ ដែលប្រាសាក់ បានសហការយ៉ាងល្អជាមួយនាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា ក្នុងការអនុវត្តគម្រោងនេះឱ្យទទួលបានជោគជ័យ ដើម្បីរួមចំណែកបណ្ដុះវប្បធម៌អាន និងធនធានមនុស្សនៅកម្ពុជា។

ទន្ទឹមនឹងនោះ លោក យ៉ាវ សាវនិន អភិបាលនៃគណៈអភិបាលស្រុកកំពង់ត្របែក និងជាតំណាងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តព្រៃវែង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រាសាក់ ដែលបានផ្ដល់អគារបណ្ណាល័យរហូតដល់៣ខ្នង សម្រាប់ខេត្តព្រៃវែង។ លោកសង្ឃឹមថាសិស្សានុសិស្ស នៃសាលាបឋមសិក្សា និងអនុវិទ្យាល័យ ក្រចាប់ ទាំងអស់ នឹងខិតខំសិក្សារៀនសូត្របន្ថែមទៀត និងចាប់យកទម្លាប់នៃការអានសៀវភៅ តាមរយៈបណ្ណាល័យនេះ ព្រោះនេះជាឃ្លាំងផ្ទុកនៅចំណេះដឹងជាច្រើន ដែលអាចជួយឱ្យសិស្សានុសិស្សទាំងអស់ មានចំណេះដឹងទូលំទូលាយ បំនិនជីវិតផ្សេងៗ ដើម្បីជាទុនក្នុងកសាងអនាគតរបស់ខ្លួន។

លោកក៏បានបន្តថា ជួសមុខឱ្យថ្នាក់ដឹកនាំខេត្ត និងស្រុក លោកសូមកោតសរសើរជាខ្លាំង ចំពោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ដែលបានផ្តល់អគារបណ្ណាល័យ នៅលើភូមិក្រចាប់ក្រោម ឃុំពាមមន្ទារ ស្រុកកំពង់ត្របែកនេះ ទោះបីទីនេះជាតំបន់ឆ្ងាយដាច់ស្រយាល នៅជាប់ព្រំដែនក៏ដោយ។ នេះបង្ហាញពីសុឆន្ទៈពិតៗរបស់ប្រាសាក់ ក្នុងការចូលរួមចំណែកជួយដល់សង្គម ជាពិសេសជួយប្រជាពលរដ្ឋនៅតាមទីជនបទ ទាំងផ្នែកការផ្ដល់កម្ចីជួយដល់ជីវភាពរស់នៅ និងជួយដល់ការសិក្សារៀនសូត្រ របស់កូនចៅប្រជាពលរដ្ឋ។

ជាចុងក្រោយ លោកក៏បានសំណូមពរឱ្យលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងមាតាបិតាសិស្ស ជួយថែរក្សានិងប្រើប្រាស់បណ្ណាល័យនេះឱ្យអស់ពីលទ្ធភាព ដោយជំរុញឱ្យមានការអានឱ្យបានច្រើនផុសផុល ស្រលាញ់ និងថែរក្សាសៀវភៅទាំងអស់ឱ្យបានល្អ ដើម្បីប្រើប្រាស់បានយូរអង្វែង និងច្រើនជំនាន់ ៕