(ពោធិ៍សាត់)៖ លំនៅដ្ឋាន២ខ្នង ធ្វើអំពីឈើប្រក់ក្បឿង និងស័ង្កសីបាក់ធ្លាក់រាបដល់ដី នៅភូមិឥធ្យា និងភូមិបាគូ ឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩នេះ ត្រូវបានសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ នាំយកអំណោយមនុស្សធម៌ ជូនដល់ទីកន្លែង ដើម្បីជួយសម្រួលដល់គ្រួសាររងគ្រោះបានមួយគ្រា ដោយមួយគ្រួសារទទួលបានអង្ករ៥០ គីឡូក្រាម មី១កេស តង់១ កន្ទេល១ ឃីត១កញ្ចប់និងថវិកា១០ម៉ឺនរៀល។
លោក ខូយ រីដា ប្រធានគណៈកម្មាធិការ លោក វ៉ាន់ ហ៊ាង នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្ត ដែលបាន អញ្ជើញចុះចែកផ្ទាល់ បានថ្លែងថា ក្រោយពីទទួលបានព័ត៌មានពីអាជ្ញាធរឃុំ-ស្រុក អំពីករណីខ្យល់កន្ត្រាក់ និងភ្លៀងផ្គរ កាលវេលាម៉ោង២រសៀល ថ្ងៃទី៣១ ខែមីនា នោះរួចមក លោក ម៉ៅ ធនិន ប្រធានកិត្តិយស និងរូបលោកផ្ទាល់ដែលជាតំណាងសម្តេចកិតិ្តព្រឺទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បាននាំយកអំណោយមនុស្សធម៌របស់សាខាចែកជូនដល់ទីកន្លែងទាន់ពេលវេលា។
លោកបានលើកឡើងទៀតថា រដូវនេះ គឺជារដូវដើមវស្សាសូមឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ អំពីបញ្ហាគ្រោះធម្មជាតិ ដូចជារន្ទះ ភ្លៀងខ្យល់កន្ត្រាក់នោះជាដើម តែងតែបង្កវិនាសទ្រព្យសម្បត្តិ ផ្ទះសម្បែង និងអាចឈានដល់ការបាត់បង់អាយុជីវិតមនុស្សសត្វទៀតផង នៅពេលយើង មានការធ្វេសប្រហែសត្រូវថែរក្សាសុខភាពឱ្យបានល្អ ប្រសើរដោយត្រូវបរិភោគ ពិសារទឹកឆ្អិន គេងក្នុងមុងចៀសវាងជម្ងឺផ្សេងៗ នៅជុំវិញបរិវេណផ្ទះត្រូវដាំឈើ និងដំណាំឱ្យបានច្រើន ព្រោះដើមឈើមានប្រយោជន៍ច្រើនដល់មនុស្ស សត្វនៅលើភពផែនយើងនេះ។
លោកបានកត់សម្គាល់ឃើញថា ភូមិសាស្ត្រឃុំស្រែស្តុកនេះ គឺជាតំបន់ទំនាបជាប់បឹងទន្លេសាប តែងតែជួបបញ្ហាហានិភ័យជាញឹកញាប់ដូចនេះ សូមឱ្យប្រជាពលរដ្ឋជូនដំណឹងជាបន្ទាន់ដល់អាជ្ញាធរមូលដ្ឋាន ដើម្បីមានវិធានការដោះស្រាយ និងឆ្លើយតបឱ្យបានទាន់ពេលវេលា។
ជាមួយគ្នានោះ រួមគ្នាកាត់បន្ថយជាបណ្តើៗ ក្នុងការពិសានូវគ្រឿងស្រវឹង ដែលនាំឱ្យកើតអំពើរហឹង្សាក្នុងគ្រួសារ គោរពច្បាប់ចរាចរណ៍ ព្រោះថាការស្រវឹងរាល់ថ្ងៃក៏ជាកត្តា ដែលនាំឱ្យមានភាពក្រីក្រនៅក្នុងគ្រួសារ។ អំណោយដែលយកមកចែកជូននៅពេលនេះ គឺបានមកពីការចូលរួម ពីសំណាក់ថ្នាក់ដឹកនាំសម្បុរសជន ក្រុមហ៊ុន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជីវករ ទាំងក្នុងនិងក្រៅខេត្ត តែងតែ ចូលរួមគាំទ្រក្នុងការគៀងគរ រកមូលនីធិជួយដល់សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ជាប់ជានិច្ច ទើបធ្វើឱ្យសាខា មានមូលនិធិសម្រាប់ជួយទៅដល់ជនរងគ្រោះ ដោយគ្រោះមហន្តរាយគ្រប់ទីកន្លែងដោយមិនប្រកាន់អំពីនិន្នាការអ្វីឡើយ៕