Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិទ្ធ ដើម្បីទទួលអំណរសាទរពិធីបុណ្យចូលឆ្នាំថ្មី

01-04-2019 17:09

(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នៅរសៀលថ្ងៃ០១ ខែមេសា ឆ្នាំ២០១៩នេះ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិទ្ធ ដើម្បីត្រៀមទទួលអំណរសាទរ ពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ឆ្នាំកុរ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ខាងមុខនេះ។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោក ទន់ សារាត រដ្ឋលខាធិការក្រសួងព័ត៌មាន និងលោកស្រី ឈឹម ពៅសុកាន់ឌី អគ្គនាយិកា នៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ព្រមទាំងលោក លោកស្រី ជាអគ្គនាយករង ប្រធាននាយកដ្ឋាននិង មន្ត្រីរាជការក្រោមឱវាទជាច្រើននាក់ផងដែរ។

ពិធីសូត្រមន្តចម្រើនព្រះបរិទ្ធនេះ រៀបចំឡើងតាមទំនៀមទម្លាប់ព្រះពុទ្ធសាសនា ដើម្បីឧទ្ទិសកុសលផលបុណ្យជូនចំពោះដួងវិញ្ញាណក្ខ័ន្ធ បុព្វការីជន ជីដូនជីតា ឪពុកម្តាយនិងញាតិការទាំង៧សន្តាន ដែលបានចែកឋានទៅកាន់បរលោកខាងមុខ សូមរំដោះរួចចាកផុតពីកម្មពារ វេរាទាំងឡាយ និងបានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ម៉្យាងវិញទៀតពិធីនេះ ក៏បានឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាពិសេសទេវតាឆ្នាំថ្មី ដែលនឹងយាងមកគ្រប់គ្រងថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា នៅពេលឆាប់ៗខាងមុខនេះ សូមប្រោះព្រំប្រសិទ្ធិពរជ័យ បវរសួស្តី មហាប្រសើរ និងបរមសុខគ្រប់ប្រការដល់ថ្នាក់ដឹកនាំ និងមន្ត្រីអ្នកមុខអ្នកការអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នៃក្រសួងព័ត៌មាន៕