(ភ្នំពេញ)៖ ប្រទេសថៃ ទើបដាក់លក្ខខណ្ឌថ្មីៗបន្ថែមទៀត ចំពោះការនាំចូលកសិផលដំឡូងមី របស់ប្រទេសកម្ពុជា។
យោងតាមសេចក្តីជូនដំណឹងរបស់ អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងរុក្ខាប្រមាញ់ និងនេសាទ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ ស្ថាប័នមួយនេះ បានជូនដំណឹងដល់បណ្តាក្រុមហ៊ុននាំចូល នាំចេញផលិតផលកសិកម្ម និងអ្នកពាក់ព័ន្ធ អំពីការដាក់លក្ខខណ្ឌថ្មី ទៅលើផលិតផលដំឡូងមីក្រៀម ដំឡូងមីស្រស់ ម្ស៉ៅដំឡូងមី ដែលត្រូវនាំចូល និងដឹកជញ្ជូនឆ្លងកាត់ប្រទេសថៃ។
អគ្គនាយកដ្ឋានកសិកម្មបានបញ្ជាក់ថា លក្ខខណ្ឌថ្មីទៅលើផលិតផលដំឡូងមីដែលអ្នកនាំចូល ត្រូវអនុវត្តមានដូចខាងក្រោម៖
១៖ ត្រូវសុំ Import Permit ពីនាយកដ្ឋានកសិកម្មនៃប្រទេសថៃជាមុន មុននឹងធ្វើការនាំចូល។
២៖ ការនាំចូលដំឡូងមីស្រស់ ត្រូវតែធានាថា គ្មានជាប់ទៅជាមួយនូវផ្នែកនៃគល់ ដើម និងស្លឹកដំឡូងមី។
៣៖ គ្រប់ទំនិញបញ្ញើរទាំងអស់ ត្រូវតែគ្មានជាប់មកជាមួយនូវសត្វល្អិតចង្រៃរស់ ឬសារពាង្គកាយផ្សេងៗដែលជា ប្រភេទសមាសភាពចង្រៃភូតគាមអនាម័យ ហាមឃាត់មិនឱ្យចូលប្រទេសថៃ មិនជាប់ទៅជាមួយនូវដីខ្សាច់ និងផ្នែកនៃរុក្ខជាតិដូចជាដើម ស្លឹក កម្ទេចកម្ចីរុក្ខជាតិ ដែលអាចចម្លងនូវសមាសភាពចង្រៃបាន។
៤៖ ត្រូវធ្វើការសម្អាតរថយន្តសម្រាប់ដឹកដំឡូងមី ឱ្យបានស្អាតកុំឱ្យមានជាប់ដី ខ្សាច់ និងកម្ទេចកម្ចីរុក្ខជាតិ មុនពេលផ្ទុកដំឡូងមីទៅក្នុងរថយន្ត លើសពីនេះទៅទៀតត្រូវគ្របដំឡូងមីឱ្យជិត ដើម្បីការពារការឆ្លងសមាសភាពចង្រៃ ក្នុងអំឡុងពេលដឹកជញ្ជូន។
៥៖ ត្រូវមានវិញ្ញាបនបត្រភូតគាមអនាម័យច្បាប់ដើម ភ្ជាប់មកជាមួយ ពេលដឹកទំនិញចេញម្តងៗ។
៦៖ នៅក្នុងវិញ្ញាបនបត្រភូតគាម អនាម័យត្រូវរំលេចពាក្យ «The consignment of cassava was produced and prepared for export in accordance with the conditions for import of cassava from Cambodia to Thailand»។
៧៖ នៅពេលទំនិញទៅដល់ច្រកទ្វារព្រំដែន មន្ត្រីភូតគាមអនាម័យនៃប្រទេសថៃ នឹងធ្វើការត្រួតពិនិត្យ ប្រសិនបើរកឃើញថាទំនិញទាំងនោះ មិនមានអនុលោមភាពតាមលក្ខខណ្ឌតម្រូវខាងលើ ទំនិញបញ្ញើរទាំងនោះត្រូវបញ្ជូនត្រឡប់មកវិញ ឬកម្ទេចចោល ឬធ្វើប្រព្រឹត្តិកម្មតាមស្ថានភាពជាក់ស្តែង។
៨៖ លំខិតជូនដំណឹងនេះ នឹងចូលជាធរមានចាប់ពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ តទៅ៕