(ភ្នំពេញ)៖ លោក ឯម ច័ន្ទមករា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានលើកឡើងថា ការដោះស្រាយបញ្ហាជារចនាសម្ព័ន្ធធំៗ ក៏ដូចជាបញ្ហាប្រឈមជាក់ស្តែងសំខាន់ៗជាច្រើនក្នុងវិស័យពិការភាព គឺមិនមែនជារឿងងាយស្រួលនោះទេ គឺយើងត្រូវការការគាំទ្រពីគ្រប់ស្ថាប័នពាក់ព័ន្ធ ធនធានមនុស្ស និងធនធានហិរញ្ញវត្ថុរបស់រាជរដ្ឋាភិបាល។
លោក បានបន្ថែមថា ការដោះស្រាយនេះទាមទារនូវធ្វើការកំណែទម្រង់ជាច្រើន រួមទាំងការឈានទៅដល់ការចាប់ផ្តើមពិនិត្យ និងពិគ្រោះយោបល់លើដំណើរការស្នើសុំធ្វើវិសោធនកម្មច្បាប់ ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ដើម្បីធ្វើឲ្យមានភាពបស្ស៊ីគ្នាជាមួយនឹងវឌ្ឍនភាពថ្មីក្នុងសង្គមបច្ចុប្បន្ន ដើម្បីធ្វើយ៉ាងណាឲ្យជនមានពិការភាពនៅកម្ពុជា រឹតតែទទួលបាននូវផលប្រយោជន៍និងគោលនយោបាយបន្ថែមពីរាជរដ្ឋាភិបាល។
ការលើកឡើងរបស់អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា តំណាងលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា បានធ្វើឡើងនៅក្នុង«សិក្ខាសាលាថ្នាក់ជាតិស្តីពីអនុសាសន៍នានាលើគោលនយោបាយនិងការប្រមូលទិន្នន័យដល់ជនដែលមានអូទីស្សឹមលើកដំបូងនៅកម្ពុជា» រៀបចំធ្វើនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ នៅភោជនីយដ្ឋាន ទន្លេបាសាក់២ រាជធានីភ្នំពេញ។
លោក ឯម ច័ន្ទមករា បានថ្លែងយ៉ាងដូច ច្នេះថា «សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើការវិនិយោគលើវិស័យពិការភាពជាច្រើនឆ្នាំណាស់មកហើយ។ តាមរយៈការស្តារនិងការអភិវឌ្ឍមាតុប្រទេស ពិសេសការរក្សាបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច គឺជាឱកាសសម្រាប់លើកកម្ពស់សិទ្ធិជនមានពិការភាពនៅកម្ពុជា។ ការផ្តល់នូវដីសម្បទាសង្គមកិច្ច និងការស្តារលទ្ធភាពពលកម្មកាយសម្បទាជូនជនមាន ពិការភាព ពិសេសការដាក់ចេញនូវគោលនយោបាយគាំពារសង្គម គឺជា ទឡ្ហីករណ៍ការឆ្លុះបញ្ចាំងថា កម្ពុជាមាននាយករដ្ឋមន្ត្រី ដែលបានគិតគូរយ៉ាងយកចិត្តទុកដាក់បំផុតអំពីសុខមាលភាពរបស់ជនមានពិការភាព នៅគ្រប់ទិសទីយ៉ាងពិតប្រាកដមែន»។
លោក ឯម ច័ន្ទមករា បានបន្ថែមថា ក្នុងស្មារតីលើកកម្ពស់ការអប់រំ សម្រាប់ជនជនខ្សោយសតិបញ្ញានិង អូទីស្សឹម ក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយអង្គការមិនមែនរដ្ឋាភិបាលអនុវត្តកម្មវិធីទ្រទ្រង់វិស័យនេះ បានបង្កើតថ្នាក់អប់រំពិសេស ដោយបានបញ្ចូលនូវកម្មវិធីសិក្សាជាច្រើនដូចជា៖ កម្មវិធីកីឡា កម្មវិធីបណ្តុះបណ្តាល សិល្បៈ ព្រមទាំងកម្មវិធីវិជ្ជាជីវៈជាច្រើនទៀត។
គួរប ញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញនូវផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព រយៈពេល៥ឆ្នាំទៅមុខទៀត ២០១៩-២០២៣ ដើម្បីជំរុញការធ្វើកំណែទម្រង់នានានៃវិស័យពិការភាព សំដៅលើកកម្ពស់សមត្ថភាពស្ថាប័ន ពង្រឹងហេដ្ឋារចនាសម្ព័ន្ធសង្គមនិងសេដ្ឋកិច្ច ក្នុងទិសដៅបង្កើតកាលានុវត្តភាពការងារសម្រាប់ជនមានពិការភាព កាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍការងារសំខាន់ៗរបស់វិស័យពិការភាពនៅកម្ពុជា។
ភាពរីកចម្រើននៃវិស័យពិការភាពនិងការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា ត្រូវបានគេសន្មត់ថាជាគោលនយោបាយលើកទឹកចិត្ត ដែលជាការជំរុញ យ៉ាងសកម្ម ពីរដ្ឋាភិបាលកម្ពុជាទៅដល់ក្រុមហ៊ុនវិនិយោគនានា ក្នុងនោះរួមទាំងការផ្តល់ឱកាសអាទិភាពសម្រាប់ជ្រើសរើស ជនមានពិការភាព ឲ្យចូលបម្រើការងារទៀតផង។ រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្តជ្រើសរើសជនមានពិការភាព ឲ្យចូលធ្វើការ នៅតាមក្រសួង-ស្ថាប័នរដ្ឋឲ្យគ្រប់ ២% ផងដែរ៕