(កំពង់ចាម)៖ ទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អមដំណើរដោយលោក គួច ចំរើន អភិបាល ខេត្តកំពង់ចាម និងលោកឧត្តមសេនីយ៍ទោ ឯម កុសល ប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ចាម នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ បានអញ្ជើញ ពិធីប្រគល់ផ្ទះចំនួន ២ ខ្នង ជាអំណោយ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនអតីតយុទ្ធជនក្រលំបាក ២ គ្រួសារ នៅសង្កាត់សំបួរមាស ក្រុងកំពង់ចាម។
ក្នុងឱកាសនោះ ទេសរដ្ឋមន្ដ្រី គន់ គីម បានថ្លែងថា នេះជាសក្ខីភាពបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលតែងបានគិតគូរ ដោះស្រាយជួយសម្រាលទុក្ខលំបាក របស់ អតីតយុទ្ធជន តាមរយៈ ការផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែ ប្រាក់ធានារ៉ាប់រងសង្គម ប្រាក់មរណសង្រ្គោះ ហើយថ្មីៗនេះ បានផ្តល់ជូននូវប័ណ្ណសមាជិកបេឡារបបសន្តិសុខសង្គម សម្រាប់ពិនិត្យព្យាបាលជំងឺដោយឥតបង់ថ្លៃ នៅតាមមន្ទីរពេទ្យរដ្ឋនានា ថែមទៀត ។
បើតាមអគ្គលេខាធិការរូបនេះ សមាគម កំពុងមមាញឺកក្នុងការតម្រង់ទិសឆ្ពោះទៅរកការសង់ជម្រកស្នាក់នៅ ឲ្យសមាជិកសមាគមក្រីក្រ ដែលមានដី តែមានផ្ទះទ្រុឌទ្រោមមិនសមរម្យ និងដោះស្រាយដីសម្បទានសង្គមកិច្ច ជូនអតីតយុទ្ធជន ដែលគ្មានដីគ្មានផ្ទះ ខ្វះលទ្ធភាពពិតប្រាកដ ដើម្បីបានអាស្រ័យផល ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការអនុវត្តន៍គោលនយោបាយជាតិ ចំពោះអតីតយុទ្ធជន និងគោលនយោបាយគាំពារសង្គម របស់រាជរដ្ឋាភិបាលកម្ពុជា។
ទេសរដ្ឋមន្ត្រី គន់ គីម ក៏ បានក្រើនរំលឹកដល់ លោកចៅសង្កាត់ ជាប្រធានកិត្តិយស និងមេប៉ុស្តិ៍រដ្ឋបាល ជាប្រធានសាខាសមាគមសង្កាត់ ទាំងអស់ បន្តខិតខំធ្វើអំពើល្អ ជំរុញការផ្តល់សេវាសាធារណៈ សេវារដ្ឋបាលនានា ជូនប្រជាពលរដ្ឋ និងអតីតយុទ្ធជនក្នុងសង្កាត់របស់ខ្លួនឲ្យកាន់តែលឿន ឆាបរហ័ស មានតម្លាភាព និងប្រសិទ្ធភាពខ្ពស់។
ជាមួយគ្នានេះ លោកឧត្តមសេនីយទោ ឯម កុសល ស្នងការនគរបាលខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជ នខេត្ត បានឲ្យដឹងថា មកដល់ពេលនេះ ទូទាំងខេត្តកំពង់ចាម សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគម និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានសង់ផ្ទះជូនសមាជិកសមាគមក្រីក្រ ខ្វះលទ្ធភាព លើដីកម្មសិទ្ធិដែលមានស្រាប់ សរុបចំនួន ៣៨ ខ្នង។
សូមបញ្ជាក់ថា អតីតយុទ្ធជនក្រលំបាកទាំងពីរ គ្រួសារ ដែលទទួលបានផ្ទះថ្មី នាពេលនេះ រួមមាន ៖ ឈ្មោះ ដៅ សុខុម ជាជនពិការ រស់នៅភូមិនាងគង្ហីង និងឈ្មោះ ស៊ូ ចាន់ថន គ្រួសារជនមរណៈ រស់នៅភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ។ សមាជិកទាំង២គ្រួសារ បានសម្តែងទឹកចិត្តសប្បាយរីករាយឥតឧបមា និងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងបានគិតគូរពីសុខទុក្ខ និងជួយដោះស្រាយ ការលំបាករបស់ពួកគាត់ និងសូមគោរពជូនពរសម្តេចទាំងទ្វេ មានសុខភាពមាំមួន និងសម្រេចបានជោគជ័យក្នុងការដឹកនាំ និងអភិវឌ្ឍន៍ ប្រទេស។
ទេសរដ្ឋមន្ត្រី គន់ គីម បានផ្តល់ជូន អតីតយុទ្ធជនទាំង ២គ្រួសារ ក្នុងមួយគ្រួសារ ទទួលបាន អង្ករ ៥០គីឡូក្រាម, មី ១ កេស , ទឹកសុទ្ធ ១ កេស, ទឹកក្រូច ទឹកផ្លែឈើ ១កេស, ទឹកស៊ីអ៊ីវ ១យួរ, ទឹកត្រី ១ យួរ, ត្រី ខ ១យួរ និងថវិកា ២០ម៉ឺនរៀល ហើយលោកក៏ បានឧបត្ថម្ភ អ្នកចូលរួម ៣០នាក់ ម្នាក់ៗ ទទួលបានថវិកាចំនួន២ម៉ឺន រៀល និងសារុង១៕