Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ករណីដាច់ចរន្តអគ្គិសនីកើតឡើងជាថ្មីនៅវេណេស៊ុយអេឡា, រដ្ឋចំនួន២០ រួមទាំងរដ្ឋធានីការ៉ាកាស់ត្រូវរងគ្រោះ (Video inside)

01-04-2019 15:46

(ការ៉ាកាស់)៖ ប្រទេសវេណេស៊ុយអេឡាបានជួបបញ្ហា ដាច់ចរន្តអគ្គិសនីជាថ្មីម្ដងទៀត កាលពីព្រឹកថ្ងៃអាទិត្យ (ម៉ោងនៅក្នុងតំបន់) ស្ទើរតែទូទាំងប្រទេស ខណៈដែលបញ្ហានេះទើបតែត្រូវបានដោះស្រាយរួច នា ប៉ុន្មានសប្តាហ៍មកនេះប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី០១ ខែមេសា ឆ្នាំ២០១៩។

អ្នកលេងបណ្ដាញទំនាក់ទំនងសង្គម Twitter បានរាយការណ៍ថា ការដាច់ចរន្តអគ្គិសនីបានកើតឡើងក្នុងរដ្ឋចំនួន ២០ ក្នុងចំណោមរដ្ឋទាំងអស់ ២៣ ក្នុងនោះរួមមានទំាងទីក្រុងការ៉ាកាស់ផងដែរ។ ចំណែកឯរដ្ឋមន្ត្រីទូរគមនាគមន៍ និងព័ត៌មានលោក ហ្សក រ៉ូទ្រីហ្គែស (Jorge Rodriguez) ក៏បានបញ្ជាក់ដែរថា អាជ្ញាធរបានសម្រេចចិត្តបិទសាលារៀន មួយចំនួនជាបណ្ដោះអាសន្ន ខណៈការិយាល័យរដ្ឋាភិបាល និងហាងទំនិញនានា ត្រូវបានបង្គាប់ឱ្យផ្អាកប្រតិបត្តិការរបស់ខ្លួន រហូតដល់ម៉ោង ២៖០០នាទីរសៀល (ម៉ោងក្នុងតំបន់) ស្របពេលកម្មករអគ្គិសនី កំពុងព្យាយាមដោះស្រាយបញ្ហា។

គួររំលឹកថា ប្រទេសវេណេស៊ុយអេឡាបានជួបបញ្ហាដាច់ចរន្តអគ្គិសនី ជាច្រើនថ្ងៃស្ទើរតែទូទាំងប្រទេស ០៣ដងរួចមកហើយ គិតចាប់តាំងពីថ្ងៃទី៧ ខែមីនា ហើយលោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ ចោទថាសហរដ្ឋអាមេរិក ជាអ្នកនៅពីក្រោយការវាយប្រហារព័ត៌មានវិទ្យា ប្រឆាំងនឹងប្រព័ន្ធផ្គង់ផ្គង់អគ្គិសនីប្រទេសរបស់លោក បើទោះជាទីក្រុងវ៉ាស៊ីនតោនបានបដិសេធក៏ដោយ៕