(ក្រចេះ)៖ លោក ម៉ឹង ពន្លក ប្រធានសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ បានដឹកនាំក្រុមការងារថ្នាក់កណ្តាល និងក្រុមការងារ ក្រុម១៥៧សាខាខេត្តក្រចេះ ដែលមានលោក មិត្ត ឆៃយុត្តិ ជាប្រធាន បានសហការជាមួយសម្ព័ន្ធគ្រូពេទ្យសហភាព សហព័ន្ធយុវជនកម្ពុជា ស.គ.ស.ស.យ.ក ដឹកនាំដោយលោកបណ្ឌិត ហេង សុខគង់ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ បានចុះពិនិត្យជំងឺជូនប្រជាពលរដ្ឋ ចំនួន២,២៦៨នាក់ ដោយឥតគិតថ្លៃ ស្ថិតនៅក្នុងបរិវេណសាលាបឋមសិក្សាសំបូរ ស្ថិតនៅក្នុងឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ។
ពិធីក៏មានការអញ្ជើញចូលរួមពីសំណាក់ វ៉ា ថន អភិបាលខេត្តក្រចេះ និងមន្រ្តីថ្នាក់ដឹកនាំខេត្ត ព្រមទាំងអាជ្ញាធរមូលដ្ឋាន យ៉ាងច្រើនកុះករផងដែរ។
ចំពោះការព្យាបាលជំងឺជូនប្រជាពលរដ្ដនៅក្នុងឱកាសនេះ ក្រុមការងារបានបែងចែកជា១៧ ផ្នែករួមមានទី១៖ ជំងឺទូទៅ, ទី២៖ ជំងឺបេះដូង និងសសៃឈាម, ទី៣៖ ជំងឺមនុស្សចាស់, ទី៤៖ ជំងឺត្រចៀក ច្រមុះ និងបំពង់ក, ទី៥៖ ជំងឺភ្នែក, ទី៦៖ ជំងឺសើស្បែក និងកាមរោគ, ទី៧៖ ជំងឺផ្លូវចិត្ត, ទី៨៖ ជំងឺកុមារ, ទី៩៖ ជំងឺវះកាត់ និងរោគសន្លាក់, ទី១០៖ ជំងឺមាត់ ធ្មេញ, ទី១១៖ អេកូសាស្រ្ត, ទី១២ ៖ ពិនិត្យផ្ទៃពោះ និងរោគស្រ្តី, ទី១៣៖ អប់រំសុខភាពសាធារណៈ, ទី១៤៖ ជំងឺតម្រងនោម, ទី១៥៖ មន្ទីរពិសោធន៍ចល័ត, ទី១៦៖ ពិនិត្យបឋម និងវាស់សម្ភាធឈាម និងទី១៧ ៖ ឱសថសាស្រ្ត និងសម្ភារៈ៕