(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ក្នុងរយៈពេល៣ខែ ដើមឆ្នាំ២០១៩នេះ មានជនរងគ្រោះបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ជាង ៥១៣នាក់ ខណៈក្នុង១ថ្ងៃៗ មានអ្នកសា្លប់ជាមធ្យមមានប្រមាណ៥.៧នាក់។
ការបញ្ជាក់បែបនេះរបស់លោកឧត្តមសេនីយ៍ឯក បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «ទិដ្ឋភាពច្បាប់ និងវិធានការទប់ស្កាត់ គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា» ដែលមានការអញ្ជើញចូលរួម ពីសំណាក់លោក សុខ ផេង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាអនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់, លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ដែលប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩នេះ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ បានថ្លែងយ៉ាងសដូច្នេះ៖ «ឆ្នាំ២០១៩នេះ អ្វីដែលយើងកង្វល់នឹងថា មកដល់នេះ ក្នុងមួយត្រីមាសនេះ (៣ខែ) អ្នកស្លាប់ជាង៥០០នាក់។ ថ្ងៃខ្លះមានទៅដល់៩នាក់ ហើយថ្ងៃខ្លះមានរហូតដល់៥.៧នាក់ នេះហើយជាបញ្ហា»។ លោកឧត្តមសេនីយ៍ឯក បានបន្តថា ក្នុង១ឆ្នាំៗ កម្ពុជាខាតបង់៣៥០លានដុល្លារ ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ ខណៈអ្នកស្លាប់មិនពាក់មួកសុវត្ថិភាពជាង៧៨%។
លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ក៏បានអំពាវនាវដល់គ្របស្ថាប័នទាំងអស់ត្រូវរួមអប់រំ ផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ ជូនដល់បុគ្គលិក និងសារធារណជនទាំងអស់តាមអ្វីដែលអាចធ្វើទៅបាន ដើម្បីជាផ្នែកមួយជួយក្រឿនរំលឹក ដាស់ស្មារតីជូនដល់ប្រជាពលរដ្ឋពីផលវិបាក ដែលកើតឡើងដោយសារតែគ្រោះថ្នាក់ចរាចរណ៍នេះផងដែរ។
ជាមួយគ្នានេះដែរ លោក សុខ ផេង ក៏បានលើកឡើងពីទិដ្ឋភាពច្បាប់របស់កម្ពុជាថា ការផ្តល់សំណងដល់ជនរងគ្រោះ គឺជាសំណងរដ្ឋប្បវេណី ដែលមិនឈានទៅដល់ការរួចផុតពីការទទួលខុសត្រូវ ខាងព្រហ្មទណ្ឌនោះទេ ហើយព្យូសនកម្មដែលបណ្តាលឱ្យជនរងគ្រោះបាត់បង់ជីវិត ព្រមទាំងខូចខាតនូវទ្រព្យសម្បត្តិ ពាក់ព័ន្ធនឹងបទល្មើសចរាចរណ៍នេះ កើតឱ្យមានផលវិបាកចំនួនពីរគឺផលវិបាក ខាងរដ្ឋប្បវេណី និងព្រហ្មទណ្ឌ។
លោកបានពន្យល់ថា ចំពោះផលវិបាកខាងរដ្ឋប្បវេណី គឺកើតចេញពីសំណងស៊ីវិល ដែលកើតចេញពីស្វ័យភាពឆន្ទៈ របស់បុគ្គលឯកជន និងបុគ្គលឯកជន បានសេចក្តីថា សំណងដែលត្រូវសង គឺអាស្រ័យទៅលើជនរងគ្រោះ និងជនបង្កបានចរចាគ្នាទៅលើរឿង ដែលបានកើតឡើងតែប៉ុណ្ណោះ។
លោក សុខ ផេង បានបន្តថា ទោះបីជនបង្កបានដោះស្រាយទៅលើសំណងដល់ជនរងគ្រោះដោយមានការព្រមព្រៀងគ្នាក្តី ក៏ប៉ុន្តែជនបង្កមិនអាចរួចផុតពីការទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌ នោះទេ។ ប៉ុន្តែមហាជនត្រូវចាំថា ប្រសិនបើព្រួតគ្នាវាយជនបង្ក ជនដៃដល់នឹងក្លាយជាជនល្មើសប្រព្រឹត្តបទល្មើសថ្មីមួយទៀត ពីបទហិង្សា និងបទមនុស្សឃាតដោយចេតនា បើចង់ស្វែងរកអ្នកខុស ឬត្រូវគឺតែមានច្បាប់មួយប៉ុណ្ណោះ ជាអ្នកវិច្ឆ័យទោសកំហុសបាន។
លោក សុខ ផេង ក៏បានស្នើឱ្យប្រព័ន្ធផ្សព្វផ្សាយជួយផ្សព្វផ្សាយបន្ថែមនូវវិធានការណ៍ ទប់ស្កាត់បញ្ហាគ្រោះថ្នាក់ចរាចរណ៍។ សុំបញ្ចប់រាល់ការប្រើហិង្សាលើជនបង្ក និងស្វែងយល់ពីច្បាប់ទាំងអស់គ្នា។ ភារៈកិច្ចសំខាន់មួយទៀតប្រព័ន្ធឃោសនានេះ ហើយដែលផ្សព្វផ្សាយពីសកម្មភាពខុសច្បាប់ដែលមហាជនប្រើហិង្សាលើជនបង្ករ។
សូមរំលឹកថា ពលរដ្ឋខ្មែរចំនួន១៧៦១នាក់ បានស្លាប់ និងរងរបួសចំនួន៤៧៧១នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅឆ្នាំ២០១៨ បើប្រៀបធៀបទៅឆ្នាំ២០១៧ ចំនួនអ្នកស្លាប់ និងរងរបួសថយចុះ ក្នុងនោះស្លាប់ថយ ចុះចំនួន១៩នាក់ និងអ្នករបួសថយចុះ ចំនួន៧៦៨នាក់៕