(ភ្នំពេញ)៖ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងឈានចូលមកដល់នាពេលខាងមុខ ក្រោមព្រះរាជមគ្គុទេសដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី និងជាព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានរៀបចំនូវសង្ក្រានឆ្នាំថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ក្រោមប្រធានបទ «ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ជារបស់អ្នក ចុះអ្នកវិញ?»។
ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោកស្រី ទូច សារ៉ុម រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា តំណាងលោកទេសរដ្ឋមន្រ្តី ហ៊ឹម ឆែម រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា។
លោក ងួន ស្តេចភក្តី សាកលវិទ្យាធិការរង នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានឲ្យដឹងថា ការប្រារព្ធសង្ក្រានឆ្នាំថ្មី នៅក្នុងឆ្នាំនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីអបអរសាទរទេវតាឆ្នាំថ្មី ព្រះនាងទុង្សាទេវី ដើម្បីបានថែរក្សាដល់ប្រជានពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ក៏ដូចជា ការផ្តល់ឱកាសឲ្យសមណៈនិស្សិត-និស្សិត បានធ្វើបុណ្យដាក់បាត្រ រួមគ្នាកសាងបុណ្យកុសល សម្រាបបច្ចុប្បន្ន និងទៅអនាគតជាតិ ព្រមទាំងឱ្យសមណនិស្សិត-និស្សិត បានជួបជុំគ្នាបញ្ចេញទេព្យកោសល ដែលបានទទួលការបណ្ដុះបណ្ដាលពីលោកសាស្ត្រាចារ្យកន្លងមក ក្នុងនោះមានការប្រកួតប្រជែងជាលក្ខណល្បែងប្រជាប្រិយ និងផលិតផលផ្សេងៗ។
ក្នុងនោះដែរ ក៏បានរៀបចំពាងទឹកមួយដើម្បីសបញ្ជាក់ពីសាមគ្គីភាពដ៏កក់ក្ដៅពីទឹកព្រះទ័យដ៏ធំទូលំទូលាយដែលមិនចេះរីងស្ងួត នៃសម្ដេចព្រះមហាសង្ឃរាជជាអង្គម្ចាស់ និងជាការដឹងគុណយ៉ាង ជ្រាលជ្រៅ ថ្វាយ ប្រគេនពរ សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជ នៃគណធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាសម្ដេចព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ដែលព្រះរាជទាននូវទឹកព្រះទ័យព្រះមេត្តា ដល់សមណនិស្សិត-និស្សិតដូចមានព្រះរាជតំរិៈថា មេត្តា សតិ បញ្ញា ជាទឹកព្រះទ័យមិនចេះរីងស្ងួត។
លោកស្រី ទូច សារ៉ុម រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា បានលើកឡើងថា ក្នុងនាមក្រសួង និងក្នុងនាមលោកស្រីផ្ទាល់សូមសំដែងនូវទឹកចិត្តរីករាយ ដែលបានស្វែងយល់បន្ថែមទៀតអំពី វប្បធម៌ប្រពៃណីជាតិខ្មែរ និងល្បែងប្រជាប្រិយផ្សេងៗ និងបានសំណូមពរទៅដល់និស្សិតទាំងអស់ សូមជួយថែក្សាវប្បធម៌ប្រពៃណីខ្មែរដែលដូនតាបន្សល់ទុកនៅឲ្យពួកយើង។ ទាំងមុន និងអំឡុងពេល និងក្រោយពេលពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ លោកស្រីក៏បានអំពាវនាវ និងសំណូមពរឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវប្រុងប្រយ័ត្នក្នុងការធ្វើដំណើរតាមផ្លូវ បើកបរដោយចេះ អធ្យាស្រ័យគ្នា ចូលរួមសំអាតអនាម័យបរិស្ថាន ត្រូវជៀសឲ្យឆ្ងាយ ពីបញ្ហាជំលោះ និងបញ្ហាគ្រឿងញៀន និងត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះអគ្គីភ័យផងដែរ៕