(បាត់ដំបង)៖ នៅថ្ងៃចន្ទទី០១ ខែមេសា ឆ្នាំ២០១៩ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយនាយទាហាន នាយទាហានរង នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង។
ពិធីនេះមានការចូលរួមពីលោកឧត្តមសេនីយ៍ មេបញ្ជាការរង ស្នងការ ស្នងការរង ដែលអញ្ជើញមកពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមេបញ្ជាការ មេបញ្ជាការរង តាមបណ្តរាជធានី ខេត្ត ព្រមទាំងគ្រួសារអាវុធហត្ថ ពលី មណៈ និងកងរាជអាវុធហត្ថដែលចូលនិវត្តជាច្រើនរូបទៀត។
នាយឧត្តមសេនីយ៍ បានលើកឡើងអំពីនយោបាយអទិភាពរបស់រាជរដ្ឋាភិបាល បានចាត់ទុកបញ្ហាសន្តិភាព សន្តិសុខ ស្ថិរភាពនយោបាយ គឺជាកិច្ចការងារចម្បង ហើយកងរាជអាវុធហត្ថ គឺមានតួនាទីក្នុងការអនុវត្តនូវកម្មវិធីនយោបាយ នូវយុទ្ធសាស្ត្រ និងជាពិសេសគឺថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ ស្ថិរភាពនយោបាយ និងសន្តិភាពធ្វើឱ្យប្រទេសមានរបៀបរៀបរយ ក្លាយជាប្រទេសនីតិរដ្ឋ។
នាយឧត្តមសេនីយ៍ បានធ្វើការកត់សម្គាល់ថា តួនាទីភារកិច្ចសំខាន់ៗរបស់កងរាជអាវុធហត្ថ រួមមានថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់, ពង្រឹងការអនុវត្តច្បាប់ បទបញ្ជាជាធរមានរបស់ រាជរដ្ឋាភិបាល និងអាជ្ញាធរ, ស្រាវជ្រាវ និងបង្ក្រាបបទល្មើស, ជួយប្រជាជនពេលជួប និងការលំបាកផ្សេងៗ។
នាយឧត្តមសេនីយ៍ ក៏បានធ្វើការផ្តាំផ្ញើដល់កម្លាំងអាវុធហត្ថត្រូវមានសាមគ្គីឯកភាពផ្ទៃក្នុង លើកកម្ពស់ស្មារតីសហការដើម្បីសេចក្តីសុខ សណ្តាប់ធ្នាប់ល្អ ប្រជាជនរស់នៅគ្មានការភ័យខ្លាច គ្មានបទល្មើស ទាំងអស់នេះគឺជាគោលដៅដែលយើងចង់បាន។ អាវុធហត្ថត្រូវគោរពច្បាប់លក្ខន្តិកៈ បទវិន័យទូទៅនៃកងយោធពលខេមរភូមិន្ទ ការអនុវត្តតួនាទីភារកិច្ច ក្នុងនោះផងដែរអាវុធហត្ថ ត្រូវលើកកម្ពស់ស្មារតីប្រុងប្រយ័ត្ននូវឧបាយកលលាបពណ៌ និងយុទ្ធសាស្ត្រតាក់តែងបំបែកបំបាក់ របស់មជ្ឈដ្ឋានប្រឆាំងអគតិ និងត្រូវតាមដាននូវសកម្មភាព បើសកម្មភាពណាដែលបំពានច្បាប់ ត្រូវតែបង្ក្រាបភ្លាម ត្រូវបន្តការងារអប់រំជាប្រចាំ ដើម្បីកសាងនូវមនសិការស្នេហាជាតិ ស្រឡាញ់ជាតិ គោរពច្បាប់រដ្ឋធម្មនុញ្ញ ការពារប្រជាជន ការពារទឹកដី ការពារអំណាចរដ្ឋដែលកើតចេញ ពីការបោះឆ្នោត ដែលប្រជាជនបោះជូនរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន។ ត្រូវធ្វើការហ្វឹកហ្វឺនជាប្រចាំ ព្រោះការហ្វឹកហ្វឺនពិតជាមានសារៈសំខាន់ និងបានរំលឹកឡើងវិញនូវមេរៀន ដើម្បីកុំឱភ្លេច ធ្វើឱ្យសុខភាពរឹងមាំ ការប្រមូលផ្តុំកម្លាំងពេលត្រូវការគឺកម្លាំងមានស្រាប់ និងកាត់បន្ថយបាននូវបទល្មើសវិន័យផងដែរ។
នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់បន្ថែមថា «ការចាត់តាំងឱ្យកងទ័ពរៀនសូត្រអប់រំចិត្តសាស្ត្រ និងហ្វឹកហ្វឺនកងទ័ពគឺជាកញ្ចក់ឆ្លុះបញ្ចាំងនូវសមត្ថភាព ដឹកនាំបញ្ជារបស់នាយទាហាន គ្រប់ថ្នាក់»។
ក្នុងឱកាសនោះផងដែរ នាយឧត្តមសេនីយ៍ ក៏បានប្រគល់ ថវិកាចំនួន ១២.៥០០.០០០រៀល ស្រាបៀចំនួន ៨០កេសដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង សម្រាប់ធ្វើពិធីជប់លៀងអបអរសាទរឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ និងជូនដល់គ្រួសារអាវុធហត្ថចូលនិវត្តន៍ និងពលីសរុបចំនួន ៤៩នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ២០០.០០០រៀលផងដែរ៕