(ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩នេះ បានជូនដំណឹងអំពីការបើកប្រាក់បៀវត្សជូនមន្ដ្រីរាជការស៊ីវិល និងមន្ដ្រីជាប់កិច្ចសន្យា តែម្ដងបញ្ចូលគ្នាសម្រាប់ខែមេសា ពោលបើកនឹងមុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដោយបូករួមទាំងប្រាក់ឧបត្ថម្ភ៥ម៉ឺនរៀន ដែលជាការឧបត្ថម្ភរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាផងដែរ។

បើតាមសេចក្ដីជូនដំណឹងដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃនេះ យ៉ាងដូច្នេះថា៖

ទី១៖ ការបើកផ្តល់បៀវត្សសម្រាប់ខែមេសា គឺត្រូវរៀបចំបើកផ្តល់បៀវត្សប្រចាំខែតែមួយលើក រួមទាំងប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីចូលឆ្នាំថ្មី ប្រពៃណីជាតិ និងឲ្យបានដល់សាមីជនម្នាក់ៗ យ៉ាងយូរបំផុតត្រឹមថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩។

ទី២៖ ការបើកផ្តល់បៀវត្សសម្រាប់ខែឧសភា និងខែបន្តបន្ទាប់ គឺត្រូវរៀបចំបើកផ្តល់រៀងរាល់ពីរសប្តាហ៍ម្តង ដោយអនុវត្តតាមស្មារតីសារាចរ លេខ០៧សរ ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ស្តីពីការកំណត់នីតិវិធីសម្រាប់ការបើកផ្តល់បៀវត្ស រៀងរាល់ពីរសប្តាហ៍ម្តងក្នុងខែនីមួយៗ ជូនមន្ត្រីរាជការស៊ីវិល និងមន្ត្រីសាធារណៈផ្សេងទៀត។

ការជូនដំណឹងរបស់ក្រសួងមុខងារសាធារណៈ ធ្វើឡើងបន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកមិញនេះ បានប្រកាសប្រាប់ដល់ មន្ត្រីរាជការស៊ីវិល និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទថា ដើម្បីជាការគិតគូរដល់មន្ត្រីរាជការក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងចូលមកដល់ ក្នុងពេលដ៏ខ្លីខាងមុខនេះ រាជរដ្ឋាភិបាលសម្រេចបើកប្រាក់បៀវត្ស សម្រាប់ខែមេសានេះ តែម្តងគត់បញ្ចូលគ្នា រួមទាំងប្រាក់ឧបត្ថម្ភម្នាក់ៗ៥ម៉ឺនរៀល ដោយមិនមែនបើក២ដងដូចខែមុនៗឡើយ ដែលធ្វើបែបនេះ ដើម្បីឲ្យមន្ត្រីរាជការមានប្រាក់ចាយវាយគ្រប់។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ទៀតថា ប៉ុន្តែចាប់ពីខែឧសភា ឆ្នាំ២០១៩តទៅការបើកប្រាក់បៀវត្សគឺអនុវត្តន៍ដូចធម្មតា គឺបើក២ដងក្នុង១ខែ ឬ២សប្តាហ៍ម្តង៕