(ភ្នំពេញ)៖ គម្រោងអាគារខុនដូថ្មី ដែលមានកំពស់២៥ជាន់ ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលជាតំបន់មានសក្តានុពលផ្នែកសេដ្ឋកិច្ច និងស្ថិតនៅចំណុចកណ្តាល តំបន់អភិវឌ្ឍន៍រាជធានីនោះ ត្រូវបានចាប់បើកការដ្ឋានសាងសង់ជាផ្លូវការ ដោយប្រសិទ្ធិនាមថា «អគារខុនដូថ្ម១ដុំ សែនសុខ» ក្រោមការវិនិយោគ ដោយក្រុមហ៊ុន អៀហ៊ុយងី ឡៅគឹមលី ខូអិលធីឌី។
លោក ឃុយ ពី តំណាងក្រុមហ៊ុនអៀហ៊ុយងី ឡៅគឹមលី ខូអិលធីឌី បានឲ្យដឹងថា «គម្រោងអាគារខុនដូថ្ម១ដុំ សែនសុខនេះ គឺជាគម្រោងលំនៅដ្ឋានពហុកម្មសិទ្ធិ ដ៏ប្រណីតលើកដំបូងបង្អស់ ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលមានកម្ពស់២៥ជាន់ និងមានលំនៅដ្ឋានពហុកម្មសិទ្ធិ មជ្ឈមណ្ឌលពាណិជ្ជកម្ម សាលប្រជុំ និងលក្ខណៈផ្សេងៗទៀត ដែលគ្រោងនឹងបញ្ចប់ការសាងសង់នាឆ្នាំ២០២២ផងដែរ»។
លោក ហ៊ុយ អៀង បានបញ្ជាក់ថា រាជរដ្ឋាភិបាលដែលមាន សម្តេចតេជោនាយករដ្ឋមន្រ្តី ជាមគ្គុទេសដ៏ឆ្នើមបានកំណត់ នូវគោលនយោបាយជាអាទិភាព និងការអភិវឌ្ឍន៌ប្រទេសជាតិរួមមាន៖ ទឹក ភ្លើង ផ្លូវ និងមនុស្ស។ នយោបាយនេះនៅតែជាអាទិភាព និងស្ថិតនៅលើផ្លូវត្រូវ ទាំងក្នុងអតីតកាល បច្ចុប្បន្នកាល ក៏ដូចជាអនាគតកាល សម្រាប់ការកសាងប្រទេសកម្ពុជាឆ្ពោះទៅរកការរីកចម្រើន។ ដោយឡែកវិស័យអចលនទ្រព្យ ជាពិសេសអគារស្នាក់នៅបែបទំនើបទាន់សម័យ ជាវិស័យអាទិភាពមួយ ដើម្បីបម្រើឲ្យតម្រូវការនៃការអភិវឌ្ឍន៌សេដ្ឋកិច្ច និងសង្គមកម្ពុជា ក្នុងការអភិវឌ្ឍន៍ប្រទេសឆ្ពោះទៅរកភាពរុងរឿង។
លោកបានសង្កត់ធ្ងន់ថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះអាស៊ីហ្គេមនៅឆ្នាំ២០២៣ នៅពេលនោះរាជធានីភ្នំពេញ នឹងទទួលបានភ្ញៀវទេសចរ៥០ម៉ឺននាក់បន្ថែមទៀត ដោយកម្ពុជាសម្បូរទៅដោយកេរ្តិ៍តំណែលវប្បធម៌ និងសម្បត្តិធម្មជាតិ ហើយកម្ពុជាស្ថិតនៅលើទីតាំងជាយុទ្ធសាស្រ្តក្នុងតំបន់អាស៊ាន ដែលតំបន់នេះបាននឹងកំពុងក្លាយទៅជា រោងចក្រនៃអាស៊ី ហើយម្យ៉ាងទៀតកម្ពុជា ក៏ស្ថិតនៅចំណុចកណ្តាលនៃទន្លេមេគង្គ ដែលជាតំបន់មានកំណើនសេដ្ឋកិច្ច និងការតភ្ជាប់សំខាន់ជាងគេផងដែរ។
លោក ឈុន ទី អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុនអៀហ៊ុយងី ឡៅគឹមលី ខូអិលធីឌី បានឲ្យដឹងថា គម្រោងអាគារខុនដូថ្ម១ដុំ គឺជាសំណង់អាគារខុនដូ ដែលមានទុនវិនិយោគជាង១០លានដុល្លារអាមេរិក ក្រោមទុនវិនិយោគរបស់វិនិយោគិន ក្នុងស្រុកដែលបានបើកការសាងសង់កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ ហើយគ្រោងនឹងបញ្ចប់ការសាងសង់ នៅឆ្នាំ២០២២ ដែលក្នុងនោះរួមមាន៖ Sky Bar, អាងហែលទឹក, សាលប្រជុំ, ក្លឹបហាត់ប្រាណ, និងហាងកាហ្វេលំដាប់អន្តរជាតិផងដែរ៕