Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាសូរណាស់! មិនទាន់រើរោងការផង ត្រូវរន្ទះបាញ់របួសធ្ងន់ទាំងគូ ខណៈជីដូនម្នាក់បានបាត់បង់ជីវិត នៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់

01-04-2019 14:42

(ពោធិ៍សាត់)៖ របាយការណ៍របស់សមត្ថកិច្ចដែល Fresh News ទទួលបាននៅថ្ងៃទី០១ ខែមេសានេះ បានឲ្យដឹងថា យ៉ាងហោចណាស់មានជីដូនម្នាក់បានបាត់បង់ជីវិត និងគូស្នេហ៍ថ្មីថ្មោងមួយគូរងរបួសធ្ងន់ ត្រូវបានញ្ជូនទៅសង្រ្គោះបន្ទាន់ ដោយសារហេតុការណ៍បាតុភូតគ្រោះធម្មជាតិរន្ទះបាញ់ បន្ទាប់ពីបញ្ចប់ពិធីរៀបអាពាហ៍ពិពាហ៍។

ហេតុការណ៍មួយនេះ បានកើតឡើងនៅវេលាម៉ោង ៣៖០០រសៀល ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ម្សិលមិញ ត្រង់ចំណុចរោងការ ស្ថិតក្នុងភូមិជ្រៃក្រឹម ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

មន្ត្រីនគរបាលប៉ុស្តិ៍ផ្ទះរុង បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ជួប ចេត អាយុ៨៤ឆ្នាំ ជនជាតិខ្មែរ (ជីដូន)។ ចំណែកចៅៗ មានឈ្មោះ ណន នៅ ភេទប្រុស អាយុ២២ឆ្នាំ (ប្តី) ជនជាតិខ្មែរ និងឈ្មោះ កែវ ជីវ័ន្ត អាយុ២១ឆ្នាំ (ប្រពន្ធ) ជនជាតិខ្មែរ។ ជនរងគ្រោះទាំង៣នាក់ រស់នៅភូមិឃុំកើតហេតុខាងលើ។

នៅវេលាម៉ោងកើតហេតុខាងលើ គេឃើញមេឃមានសភាពខ្មៅងងឹត រកភ្លៀងលាយឡំដោយខ្យល់កន្រ្តាក់ ផ្គរ យ៉ាងកាចសាហាវ។ ខណៈនោះស្រាប់តែមានរន្ទះបាញ់ បណ្តាលឲ្យស្លាប់ជីដូន នៅខាងក្រោមផ្ទះ និងប្ដីប្រពន្ធ ទើបនឹងរៀបមង្អលការថ្មោងថ្មី រងរបួសធ្ងន់។

របាយការណ៍បញ្ជាក់ថា ទាំង២នាក់ប្តីប្រពន្ធ ទើបតែរៀបមង្គលការ មិនទាន់រើរោងចេញផង ស្រាប់តែមានបាតុភូតរន្ទះបាញ់តែម្តង។ ហើយបច្ចុប្បន្ន សាកសពជនរងគ្រោះជាជីដូន ត្រូវបានរៀបចំធ្វើបុណ្យតាបប្រពៃណី ដោយឡែកជនរងគ្រោះ ២នាក់ប្តីប្រពន្ធ កំពុងសម្រាកព្យាបាលនៅផ្ទះផងដែរ៕