(កោះកុង)៖ ប្រជាពលរដ្ឋក្នុងខេត្តកោះកុង បានសម្តែងការសប្បាយរីករាយ ដោយសារនៅវេលាម៉ោង១៖៤០នាទី ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩នេះ មានភ្លៀងកក់ខែ១មេយ៉ាងធំ ធ្វើឲ្យត្រជាក់ត្រជុំយ៉ាងខ្លាំង។

ប្រជាពលរដ្ឋលើកឡើងថា ភ្លៀងមួយមេនេះធ្វើឲ្យពួកគាត់ក្នុងខេត្តរាប់ពាន់គ្រួសារត្រេកអរយ៉ាងក្រៃលែង ព្រោះធ្លាប់រងផលប៉ះពាល់កង្វះទឹកប្រើប្រាស់ប្រចាំថ្ងៃរាប់ខែមកហើយ។

ប្រជាពលរដ្ឋបានត្រៀមលក្ខណៈ ដើម្បីត្រងទឹកភ្លៀងយកមកដាក់ពាង ពោធធុង ចានឃ្លាំ ឆ្នាំង ដើម្បីទុកប្រើប្រាស់ ព្រោះមិនដឹងថ្ងៃណា ខែណាមានភ្លៀងបន្តទៀត ហើយមិនដឹងថ្ងៃណារដ្ឋាករទឹក មានទឹកប្រើប្រាស់ឡើងវិញនោះទេ។

ប្រជាពលរដ្ឋលើកឡើងទៀតថា ទោះបីផ្គររន្ទះយ៉ាងណាក្តី ក៏ពួកគាត់ព្យាយាមត្រងទឹកភ្លៀងដែរ ដើម្បីយកមករក្សាទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ៕