(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង០៩៖៤១នាទីព្រឹក មានករណីដាច់ចរន្តអគ្គិសនី ពីអនុស្ថានីយកំពត (GS KP-F1) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីទូទាំងក្រុងកំពត ខេត្តកំពត មូលហេតុដោយសារជាងសំណង់រុះរើ អន្ទារប៉ះនឹងបណ្តាញខ្សែបណ្តាញតង់ស្យុងមធ្យម (MV) ។

អគ្គិសនីកម្ពុជាបញ្ជាក់ថា បន្ទាប់កើតករណីនេះ ក្រុមការងារបច្ចេកទេសរបស់អគ្គិសនីកម្ពុជា បានធ្វើការភ្ជាប់ចរន្តអគ្គិសនី ជូនអតិថិជនឲ្យមានចរន្តប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង ១០៖០៨នាទីព្រឹក។

អគ្គិសនីកម្ពុជា សូមអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលបំពេញការងារ នៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួល ក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕