(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩នេះ បានស្នើសុំឲ្យប្រធានអង្គភាព និងលោក-លោកស្រី ប្រធាន អនុប្រធានមន្ទីរធម្មការ និងសាសនា រាជធានី-ខេត្ត បន្តកិច្ចសហប្រតិបត្តិការល្អ ជាមួយព្រះមេគណខេត្ត-ក្រុង នៅតាមមូលដ្ឋាន។
ការស្នើបែបនេះរបស់លោកទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម បានធ្វើឡើងក្នុងលោកបានអញ្ជើញជាអធិបតីក្នុងកម្មវិធីប្រជុំបូកសរុប លើការងារវិស័យធម្មការ និងសាសនាប្រចាំត្រីមាស និងលើកទិសដៅអនុវត្តន៍ ខែបន្ត ដែលរៀបចំធ្វើឡើង នៅទីស្តីការក្រសួងធម្មការ និងសាសនា នាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩នេះ។
ក្នុងឱកាសនោះ រដ្ឋមន្ត្រីក្រសួងធម្មការ ក៏បានស្នើសុំឲ្យអាជ្ញាធរដែនដី ជួយសម្របសម្រួល លើវិស័យសាសនា នៅកម្ពុជា រក្សាឲ្យបាននូវសុខដុមនីយកម្ម និងសេរីភាព ខាងជំនឿសាសនាទាំងអស់ ក្នុងម្លប់សន្តិភាព ក្រោមរដ្ឋធម្មនុញ្ញតែមួយ និងក្រោមការងារដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម បានឲ្យដឹងថា កិច្ចប្រជុំខាងលើនេះ ក៏បានលើកឡើងនូវបន្តអន្តរាគមន៍ របស់នាយកដ្ឋានចំនួន៤ និងបទអន្តរាគមន៍របស់មន្ទីរធម្មការ និងសាសនាចំនួន៤ខេត្ត នៅក្នុងបទអន្តរាគមន៍ បានលើកយក អំពីបទពិសោធន៍ លើការគ្រប់គ្រង់វត្តដោះស្រាយការងារ និងការងារប្រឈមួយចំនួន ក្នុងវិស័យធម្មការ និងសាសនា។
លោករដ្ឋមន្ដ្រី បានបញ្ជាក់ថា ផ្នែកពុទ្ឋិកបឋមសិក្សា និងធម្មវិន័យ មានផែនការត្រៀមរៀបចំ បើកវគ្គបណ្តុះបណ្តាល លើកិច្ចការគ្រប់គ្រង លើផែ្នកកម្មវិធីសិក្សាថ្មី ដើម្បីពង្រឹងនូវគុណភាពអប់រំ ពីថ្នាក់មូលដ្ឋានឡើងវិញ។
ជាមួយគ្នានោះ លោករដ្ឋមន្ដ្រី បានលើកឡើងថា ផ្នែកសហប្រតិបត្តិការអន្តរជាតិ គួរមានរបាយការណ៍ ស្តីពី ការនិមន្តចូលរួមកិច្ចប្រជុំពុទ្ឋសាសនាអន្តរជាតិ និងការសិក្សារបស់ព្រះសង្ឃ ដែលបានបន្តការសិក្សា នៅក្រៅប្រទេស (ស្ថិតិព្រះសង្ឃ ដែលគង់នៅក្រៅប្រទេស)។
លោក ហ៊ឹម ឆែម បានបញ្ជាក់ទៀតថា ផ្នែកកិច្ចការព្រះពុទ្ឋសាសនា បានរៀបចំ និងចងក្រងអំពីប្រវត្តិ នៃការកសាងនិងបង្កើតវត្ត និងទីអារាម, ត្រៀមរៀបចំវត្តបេតិកភណ្ឌ ប្រែក្លាយជាទីមរណីយ៍ដ្នានទេសចរណ៍ បែបព្រះពុទ្ឋសាសនា៕