(ភ្នំពេញ)៖ លោក មែ ស៊ីថុន ប្រធានសមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា បានបញ្ជាក់ឲ្យដឹងថា សមាគមនឹងខិតខំស្វែងរកការឧបត្ថម្ភគាំទ្រ ទាំងក្នុងស្រុក និងក្រៅប្រទេស ដើម្បីជួយសាងសង់ អគារទីចាត់ការ វិទ្យាល័យ ហ៊ុន សែន ព្រែកកំពឹស ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលបច្ចុប្បន្នវិទ្យាល័យនេះ ពុំមានអគារទីចាត់ការនោះឡើយ។
ការបញ្ជាក់ឲ្យដឹងយ៉ាងដូច្នេះ របស់ប្រធានសមាគមអតីតសិស្ស-និស្សិត នៅកម្ពុជា បានធ្វើឡើងក្នុងកម្មវិធី បុណ្យផ្ការស្មីសាមគ្គី និងអបអរសាទរសង្ក្រាន្តឆ្នាំថ្មី នៃវិទ្យាល័យ «ហ៊ុន សែន ព្រែកកំពឹស» ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩។
ថ្លែងក្នុងពិធីនោះប្រធានសមាគមអតីតសិស្ស-និស្សិតនៅកម្ពុជាបានបញ្ជាក់ថា កម្មវិធីបុណ្យនេះ តែងតែធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីបានជាថវិកាខ្លះសម្រាប់ទ្រទ្រង់សាលា មិនតែប៉ុណ្ណោះ ក៏បង្កការសប្បាយរីករាយ ជាមួយល្បែងប្រជាប្រិយ៍ខ្មែរ សម្រាប់អបអរសាទ សង្ក្រាន្តឆ្នាំថ្មី ខាងមុខនេះផងដែរ។
លោក មែ ស៊ីថុន បានបញ្ជាក់ថា ដោយការខ្វះខាតអគារទីចាត់ការ ដែលបច្ចុប្បន្នសាលា បានខ្ចីអគារប័ណ្ណាល័យគុណគ្រូ ប្រើប្រាស់បណ្តោះអាសន្ន ឆ្នាំនេះសាលាបានរៀបចំបុណ្យផ្ការស្មីសាមគ្គី ក៏សម្រាប់ទ្រទ្រង់សាលា និងការសាងសង់ អគារទីចាត់ការនេះដែរ។
លោកបានបញ្ជាក់ទៀតថា សមាគម នឹងខិតខំស្វែងរកការឧបត្ថម្ភគាំទ្រ ទាំងក្នុងស្រុក និងក្រៅប្រទេស ដើម្បីជួយសាងសង់ អគារទីចាត់ការនេះ ឲ្យបានសម្រេច មិនមែនជាការសន្យា តែជាការខិតខំព្យាយាមរបស់សមាគម។
ក្នុងឱកាសនោះ សមាគមអតីតសិស្ស-និស្សិត ក៏ចូលរួមឧបត្ថម្ភ ដល់កម្មវិធីបុណ្យ នូវថវិកា៣០០ដុល្លារ ទឹកសុទ្ធ៣០កេស និងថវិកា២០ម៉ឺនរៀល សម្រាប់ក្រុមរបាំ។
ឆ្លៀតក្នុងឱកាសនោះ លោក មែ ស៊ីថុន ក៏បានផ្តាំផ្ញើដល់ប្អូនសិស្សានុសិស្សទាំងអស់ថា បន្ទាប់ពីសប្បាយរីករាយ អបអរសាទរសង្ក្រាន្តឆ្នាំថ្មីនេះ ប្អូនៗត្រូវខិតខំរៀនសូត្រ យកចិត្តទុកដាក់លើការសិក្សា ដើម្បីឲ្យក្លាយជា មនុស្សល្អ និងពូកែសម្រាប់គ្រួសារ បុគ្គលឆ្នើមសម្រាប់សហគមន៍ បញ្ញវន្តសម្រាប់សង្គម និងជាសសរទ្រូង សម្រាប់ប្រទេសជាតិផងដែរ៕