(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជសារចូលរួមអបអរសាទរ ពិធីបើកបវេសនកាលរដ្ឋសភា ដែលប្រារព្វឡើងក្នុងសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៦ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩នេះ។ នេះបើយោងតាមព្រះរាជសារដែល Fresh News ទទួលបាននៅព្រឹកនេះ។
នៅក្នុងព្រះរាជសារនេះ ព្រះមហាក្សត្រ បានមានព្រះបន្ទូលកោតសរសើរសម្តេច ហេង សំរិន និងសម្តេចតេជោ ហ៊ុន សែន ក្នុងការដឹកនាំកន្លងមកនេះ។
ក្នុងព្រះរាជសារបានបង្ហាញថា រយៈកាលកន្លងមក រដ្ឋសភាបានយកចិត្តទុកដាក់ សហការជាមួយរាជរដ្ឋាភិបាលធានាការពារនូវសន្តិភាព ស្ថិរភាព សន្តិសុខ និងសុវត្ថិភាព សម្រាប់ការរស់នៅដោយសុខក្សេមក្សាន្ត របស់ប្រជាពលរដ្ឋគ្រប់ទិសទីក្នុងផ្ទៃប្រទស និងប្រឹងប្រែបន្តអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមគ្រប់វិស័យដោយផ្តោតជាអទិភាព ទៅលើកការកែទម្រង់អភិបាលកិច្ចល្អ ការកសាងសមត្ថភាព អភិវឌ្ឍធនធានមនុស្ស និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ដើម្បីជំរុញលើកកម្ពស់ និងកែលម្អជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង និងពង្រឹងប្រព័ន្ធគាំពារសង្គម សម្រាប់ប្រជាពលរដ្ឋគ្រប់រូបពិសេសអ្នកក្រីក្រ និងជនងាយរងគ្រោះ។
ព្រះមហាក្សត្រ បានបញ្ជាក់ថាទៀតថា៖ «ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមកោតសរសើ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ឯកឧត្តមបណ្ឌិតអនុប្រធានទី១ នៃរដ្ឋសភា លោកជំទាវអនុប្រជាទី២នៃរដ្ឋសភា សម្តេច ឯកឧត្តម លោកជំទាវ ជាប្រធានគណៈកម្មាធិការ និងសមាជិក សមាជិកា នៃរដ្ឋសភាទាំងអស់ ដែលបានបំពេញការងារអស់ពីកម្លាំងកាយចិត្ត ពុំពិតពីការនឿយហត់ ខិតខំយកចិត្តទុកដាក់ក្នុងការបំរើប្រជាពលរដ្ឋ និងបានដោះស្រាយនូវរាល់បញ្ហាប្រឈមនានា បានដោយជោគជ័យតាមលំដាប់លំដោយ»។
ព្រះអង្គក៏មានព្រះបន្ទូលទៀតថា៖ «ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមកោតសរសើយ៉ាងកក់ក្តៅ ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានគុណបំណាច់ដ៏ថ្លៃថ្លា វីរភាពដ៏ឧត្តុងឧត្តម និងជាមគ្គុទេសក៍ដ៏ឆ្នើមដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត និងសក្តានុពល ដែលធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍជាតិ រីកចម្រើនលើគ្រប់វិស័យជាលំដាប់រហូតមកទល់ពេលនេះ»៕
ខាងក្រោមនេះជាព្រះរាជសារ របស់ព្រះមហាក្សត្រ៖