(ព្រះសីហនុ)៖ ខ្ទមតូចៗជាច្រើនខ្នងដែលបាននឹងកំពុងសង់រួចពុំមានម្ចាស់មករស់នៅយ៉ាងអនាធិបតេយ្យយលើដីដែលមានម្ចាស់កម្មសិទ្ធត្រឹមត្រូវ ដែលមានទីតាំងស្ថិតនៅភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
លោកស្រី គង់ មាលា ដែលជាម្ចាស់ដីមានបណ្ណ័កាន់កាប់ពិតប្រាកដបានប្រាប់បណ្តាញសារព័ត៌មាន Fresh Newe នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩នេះថា លោកស្រីបានដាក់លិខិតហាមឃាត់ការសាងសង់សំណង់អនាធិបតេយ្យ ជូនសាលាខេត្តព្រះសីហនុ និងសាលាស្រុកស្ទឹងហាវ រួចរាល់ហើយ។
តែខ្ទមតូចៗសាងសង់ដែលពុំមានម្ចាស់មករស់នៅយ៉ាងអនាធិបតេយ្យ នៅតែបន្តកើតមាននៅលើដី របស់លោកស្រីដដែល លោកស្រីបញ្ជាក់ថា ដីដែលក្រុមជនខិលខូច កំពុងតែសាងសង់ខ្ទមតូចៗធ្វើពីសង្គ័សី គឺជាដីដែលលោកស្រីបានទិញនិងចុះបញ្ជីកាន់កាប់ត្រឹមត្រូវ។
លោកស្រីសូមអំពាវនាវដល់អាជ្ញាធរខេត្តព្រះសីហនុ មេត្តាជួយទប់ស្កាត់នូវការសាងសង់ខ្ទមតូចៗយ៉ាងអនាធិបតេយ្យមកលើដី របស់លោកស្រី និងសូមស្វែងរកមេខ្លោងដើម្បីចាត់វិធានការច្បាប់ផងដែរ។
ដោយឡែកចំពោះក្រុមជនខិលខូចដែលបាននឹងកំពុងសាងសង់ខ្ទមតូចៗយ៉ាងអនាធិបតេយ្យនៅលើដីមានប្លង់ត្រឹមត្រូវ កំពុងប្រើរូបភាពដោយស្រែកថា ពួកគេរងនូវភាពអយុត្តិធម៌ ឬជាជនរងគ្រោះទៅវិញ។ ហើយក្រុមនេះតែងតែប្រើរូបភាពរបៀបនេះដេីម្បីរំលោភបំពានការសាងសង់ខ្ទមតូចៗយ៉ាងអនាធិបតេយ្យនេះគឺ ឈ្នះបានដីចាញ់បានលុយ៕