(ភ្នំពេញ)៖ សមណនិស្សិត-និស្សិត ចំនួន៦៧០រូប មកពីគ្រប់រាជធានី ខេត្ត បាននាំគ្នាមកប្រឡងប្រជែង ដើម្បីចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ក្នុងឆ្នាំសិក្សា២០១៩-២០២០ លើឯកទេសចំនួន៦ គឺ ទស្សនវិជ្ជានិងសាសនា វិទ្យាសាស្រ្តអប់រំ នីតិសាស្រ្ត អក្សរសាស្រ្តអង់គ្លេស គ្រប់គ្រងទូទៅ និងព័ត៌មានវិទ្យា នៅពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហមុនីរាជា។
នៅក្នុងពិធីបើកឱ្យដំណើរ នៃការប្រឡងប្រជែងចូលរៀន នាព្រឹកថ្ងៃទី២៩ ខែមីនាឆ្នាំ២០១៩នេះ លោក ងួន ស្តេចភក្តី សាកលវិទ្យាធិការរង និងជាតំណាង សម្តេចកិតិ្តឧទ្ទេស បណ្ឌិត បួរ គ្រី ព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហមុនីរាជា បានថ្លែងឱ្យដឹងថា ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានដំណើរការតាំងពីឆ្នាំ២០០០៥មកម៉្លេះ បាននិងកំពុងដំណើរការបង្រៀនលើឯកទ្ទេសចំនួន៦ ដោយផ្តល់អាហាររូបករណ៍១០០% ពេញរយៈពេល៤ឆ្នាំតែម្តង។ មកដល់ពេលនេះ មានសមណនិស្សិត-និស្សិត សរុបចំនួន ៣.៣១៥រូប ស្មើនិង១៣ជំនាន់ ហើយពុទ្ធិសាកលវិទ្យាល័យមួយនេះ ក៏មានការទទួលស្គាល់គុណភាពអប់រំ ពីគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជាផងដែរ។
ជាមួយគ្នានោះ ព្រះសុមេធវង្ស សុខ ប៊ុនធឿន ព្រះប្រធានផ្នែកពុទ្ធិកឧត្តមសិក្សា ក៏បានមានសង្ឃដិការថា ការមកប្រឡងនៅពេលនេះទាល់តែមានសមត្ថភាព ទើបអាចជាប់នឹងចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋានបាន ព្រោះនៅទីនេះត្រូវការធនធានដ៏ពិតប្រាកដ ដែលនឹងក្លាយទៅជាអ្នកដឹកនាំ អង្គភាព ស្ថាប័នរដ្ឋនិងឯកជនដ៏មានសក្កដានុពល សម្រាប់បំរើប្រទេសជាតិនៅពេលអនាគត។
ព្រះអង្គបញ្ជាក់ថា ពុទ្ធិកសាកលវិទ្យាល័យ មានបង្រៀនទាំងផ្នែកលោកវិទ្យា ដែលហៅថា វិទ្យាសាស្រ្ត និង ធម្មវិជ្ជាសិក្សា ដែលមាន សីលធម៌ ទស្សនវិទ្យា និងសាសនា ជាដើម។ ក្រៅពីនោះ ក៏មានការបណ្តុះបណ្តាលឱ្យមនុស្សមានគុណធម៌ ក្លាយទៅជាអ្នកប្រាជ្ញតាមរយៈបង្រៀនឱ្យស្គាល់ពី គុណធម៌ សីលគុណ និង វប្បធម៌ ដោយប្រកាន់នូវលទ្ធិឥស្សូ និងឥស្សី ធ្វើឱ្យមនុស្ស មានចំណេះដឹង មានសមត្ថភាព និងមានជំនាញពិតប្រាកដ។
លោក សេង មុនី រដ្ឋលេខាធិការ ជាតំណាងរដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានមានប្រសាសន៍ថា អ្នករៀននៅទីនេះ បានក្លាយទៅជាអ្នកដឹកនាំនៅតាមក្រសួង ស្ថាប័នរដ្ឋ និងឯកជនជាច្រើន។ ដូច្នេះ អ្នកទាំងអស់គ្នាត្រូវតែបន្តវប្បធម៌នេះឱ្យបានច្រើនថែមទៀត។
លោកបញ្ជាក់ថា ក្នុងចំណោមបេក្ខជនជិត៧០០រូប ដែលមកប្រឡងនៅថ្ងៃនេះ គឺត្រូវកំណត់យកតែ៥០០រូបប៉ុណ្ណោះ ដូច្នេះ អ្នកចាំ អ្នកចេះ គឺត្រូវតែជាប់ នឹងបានចូលរៀន ទទួលយកចំណេះដឹង នៅទីនេះ៕