(ឡូសអាន់ជែលឡែស)៖ ពីឡុតចំនួន០២នាក់របស់កងកម្លាំងម៉ារីនអាមេរិក បានបាត់បង់ជីវិត ក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿង នៅជាយក្រុង Yuma នៃរដ្ឋអារីហ្សូណា (Arizona)។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី០១ ខែមេសា ឆ្នាំ២០១៩។
យោងតាមសេចក្តីថ្លែងការណ៍របស់កងម៉ារីនអាមេរិកនាថ្ងៃអាទិត្យ បានឲ្យដឹងថា ឧទ្ធម្ភាគចក្រប្រយុទ្ធធុន AH-1Z Viper របស់ខ្លួនមួយគ្រឿង បានធ្លាក់នៅក្នុងបរិវេណនៃទីក្រុង Yuma រដ្ឋ Arizona កាលពីវេលាយប់ថ្ងៃសៅរ អំឡុងពេលបំពេញបេសកកម្មហ្វឹកហ្វឺនជាប្រចាំមួយ ហើយជាលទ្ធផលពីឡុត០២នាក់បានស្លាប់។
គួរជម្រាបថា មូលហេតុនៃការធ្លាក់ពុំទាន់ត្រូវបានកំណត់ឲ្យដឹងច្បាស់ឡើយ ប៉ុន្តែកំពុងស្ថិតក្រោមការស៊ើបអង្កេត៕