(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩នេះ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការរកឃើញលោក ស៊ុំ ម៉ឺន ដែលអាជ្ញាធរតាមចាប់ខ្លួន រឿងកាប់ទន្ទ្រានដីព្រៃក្នុងតំបន់ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេពនិងដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនមេត្រីភាព នាពេលថ្មីៗនេះ។
ការរកឃើញលោក ស៊ុំ ម៉ឺន នៅថ្ងៃនេះ គឺជាការបញ្ចប់នូវការលាបពណ៌ និងការចោទប្រកាន់របស់បណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិមួយចំនួន ព្រមទាំងក្រុមប្រឆាំងទាំងនោះ ដែលបានចាត់ទុកករណីនេះជាការរំលោភសិទ្ធិមនុស្សទៅវិញ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះវិហារ ដែលអង្គភាពព័ត៌មាន Fresh News នៅយប់ថ្ងៃនេះ បានឲ្យដឹងថា កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩វេលាម៉ោង០៧៖៤៣នាទីព្រឹក កន្លងមកនេះ លោក ស៊ុំ ម៉ឺន បានលួចរត់គេចខ្លួនបាត់ ដោយផ្លោះរបងខាងក្រោយទីចាត់ការដែនជម្រកសត្វព្រៃគូលែន ព្រហ្មទេពតាចឹង ស្ថិតក្នុងភូមិថ្នល់បែក ឃុំថ្មី ស្រុកគូលែន បន្ទាប់ពីត្រូវបានកម្លាំងអាជ្ញាធរស្រុកជាំក្សាន្ត និងកម្លាំងរបស់ក្រុមហ៊ុនវិនិយោគ ចាប់ខ្លួនពីការកាប់ទន្ទ្រានដីព្រៃក្នុងតំបន់ ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព និងដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនមេត្រីភាព ប្រគល់មកឲ្យមន្ត្រីឧទ្យាននុរ័កគូលែន-ព្រហ្មទេព កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩។
ត្រង់ចំណុចនេះរដ្ឋបាលខេត្តបានបញ្ជាក់ទៀតថា «ការបាត់ខ្លួនរបស់លោក ស៊ុំ ម៉ឺន ត្រូវបានបណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិមួយចំនួនដែលមាន និន្នាការនយោបាយប្រឆាំងបានសាកសួរជាប្រចាំមកកាន់អាជ្ញាធរខេត្ត និងមន្ត្រីជំនាញ ក្រោមរូបភាពជាការដាក់បន្ទុកមកលើរាជរដ្ឋាភិបាល ក៏ដូចអាជ្ញាធរខេត្ត ដោយប្រែក្លាយរូបភាពនៃការបាត់ខ្លួននេះ ទៅជាការរំលោភលើសិទ្ធិមនុស្សនៅកម្ពុជា»។
សេចក្តីប្រកាសព័ត៌មានបន្តទៀតថា ដោយការប្រើប្រាស់នៅវិធានការសរុប និងកម្លាំងសរុប តាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទរវាងអាជ្ញាធរខេត្ត ស្រុក ជាមួយគ្រួសាររបស់ ស៊ុំ ម៉ឺន កិច្ចសហការរវាងកម្លាំងសមត្ថកិច្ចជំនាញ និង
កម្លាំងសមត្ថកិច្ចជំនាញខេត្តព្រះវិហារ-ឧត្តរមានជ័យ និងជាមួយកម្លាំងអគ្គស្នងការនគរបាលជាតិ ទើបយើងអាចរកឃើញ ស៊ុំ ម៉ឺន នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩នេះ នៅរាជធានីភ្នំពេញ។
ជាមួយការរកឃើញលោក ស៊ុំ ម៉ឺន នៅថ្ងៃនេះ រដ្ឋបាលខេត្តព្រះវិហារ បានឆ្លើយតបជាមួយក្រុមប្រឆាំងទាំងនោះទៀតថា «ចំពោះការបាត់ខ្លួននេះ គឺអាជ្ញាធរខេត្ត និងសមត្ថកិច្ចជំនាញពិតជាបានខិតខំប្រើប្រាស់គ្រប់មធ្យោបាយ និងគ្រប់រូបភាពតាមស្វែងរក ស៊ុំ ម៉ឺន មិនដូចទៅនឹងអ្វីដែលបណ្តាញសារព័ត៌មានមួយចំនួនលើកឡើងនោះឡើយ»។
ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះវិហារ៖