(កំពង់ចាម)៖ បុរសម្នាក់ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារ ដោយប្រើប្រាស់កាំភ្លើងខ្លី នៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩នេះ នៅចំណុចមុខខារ៉ាអូខេ គ្រួសារ ស្ថិតនៅក្នុងភូមិទី២ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម បណ្ដាលឲ្យជនរងគ្រោះរបួសធ្ងន់ និងបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
បន្ទាប់ពីទទួលបានព័ត៌មាននេះ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៣១ ខែមីនានេះ បានបើកកិច្ចប្រជុំបន្ទាន់មួយ ដើម្បីបើកការស្រាវជ្រាវលើករណី ប៉ុនប៉ងធ្វើមនុស្សឃាត (បាញ់ដោយអាវុធខ្លី) នៅចំណុចកន្លែងកើតហេតុខាងលើ ស្ថិតក្នុងភូមិសាស្ដ្រក្រុងកំពង់ចាម។
កិច្ចប្រជុំបន្ទាន់នេះ ក៏មានការចូលរួមពី លោកស្នងការរងទទួលផែនការងារសេនាធិការ, លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរង ផែនការងារព្រហ្មទណ្ឌ, លោកស្នងការរងទទួលដឹកនាំក្រុងកំពង់ចាម និងមន្ត្រីជាច្រើនរូបទៀត។
លោកឧត្តមសេនីយ៍ទោ ឯម កុសល បានដាក់បទបញ្ជាឲ្យលោកស្នងការ រងទទួលផែនការងារព្រហ្មទណ្ឌ និងលោកស្នងការរងទទួលដឹកនាំក្រុងកំពង់ចាម ធ្វើការស៊ើបអង្កេត និងស្រាវជ្រាវ រកជនបង្ក មក
ផ្តន្ទាទោសតាមផ្លូវច្បាប់។
យ៉ាងណាក៏ដោយ គិតរហូតមកដល់ល្ងាចនេះ លោកឧត្ដមសេនីយ៍ត្រី ហេង វុទ្ធី ក៏បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា បន្ទាប់ពីទទួលបានបទបញ្ជានេះ លោកកំពុងតែចាត់កម្លាំងនគរបាលជំនាញ ដើម្បីស្រាវជ្រាវលើករណីនេះយ៉ាងយកចិត្តទុកដាក់ជាទីបំផុត និងមិនឲ្យជនបង្ករត់រួចពីសំណាញ់ច្បាប់នោះឡើយ៕