(ហាមីលតុន-ណូវ៉ែលហ្សេឡង់)៖ លោក ហ៊ុន ប៊ុនថា អនុប្រធានក្រុមការងារតំបន់៥ តំណាងលោក ហ៊ុន ម៉ាណែត ប្រធានក្រុមការងារអង្គការចាត់តាំងយុវជនក្រៅប្រទេស នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩នេះ បានអញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខប្រជាពលរដ្ឋ និងសម្ពោធសមិទ្ធផលព្រះពុទ្ធសាសនាក្នុងវត្តអរញ្ញរង្សី នៅក្រុងហាមីលតុន ប្រទេសណូវ៉ែហ្សេឡង់។
ក្នុងឱកាសនោះ លោក ហ៊ុន ប៊ុនថា ក៏បាននាំនូវការផ្ដាំផ្ញើនឹករលឹក ពីសំណាក់លោក ហ៊ុន ម៉ាណែត, លោក គឹម សន្តិភាព និងលោក កៅ ថាច ដល់បងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅទីក្រុងហាមីលតុន ប្រទេសណូវ៉ែលហ្សេឡង់។
លើសពីនេះ លោកក៏បានចូលរួមកម្មវិធីពុទ្ធាភិសេកព្រះពុទ្ធរូប និងសម្ពោធឆ្លងព្រះពុទ្ធបដិមាចំនួន១០អង្គ និងសម្ភារមួយចំនួនដែលបានជាវពីកម្ពុជា ដើម្បីទុកដាក់ឲ្យប្រើប្រាស់ជាប្រយោជន៍សម្រាប់បងប្អូនពុទ្ធបរិស័ទក្នុងតំបន់ហាមីលតុន។
ដើម្បីចូលរួមភ្ជាប់និស្ស័យក្នុងព្រះពុទ្ធសាសនា លោក ហ៊ុល ប៊ុនថា បាននាំថវិកាចំនួន៤,០០០ដុល្លារ របស់លោក ហ៊ុន ម៉ាណែត សម្រាប់ចូលរួមក្នុងកម្មវិធី ពុទ្ធាភិសេកនេះ ដែលក្នុងនោះបានចំណាយសម្រាប់ការវេចខ្ចប់ ក្នុងការដឹកជញ្ជូនព្រះពុទ្ធរូប និងសម្ភារអស់ ចំនួន៣,០០០ដុល្លារ និងចូលក្នុងពិធីផ្ទាល់ចំនួន១,០០០ដុល្លារ៕