(ភ្នំពេញ)៖ តែប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យធ្វើអាជីវកម្មលើផ្លូវដែកឡើងវិញនោះ អ្នកឧកញ៉ា គិត ម៉េង រួមនឹងថ្នាក់ដឹកនាំ បុគ្គលិកក្រុមហ៊ុន រ៉ូយ៉ាល់រ៉េលវ៉េ បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោ ហ៊ុន សែន។
ក្នុងលិខិតថ្លែងអំណរគុណនេះ ក្រុមហ៊ុនបានចាត់ទុកសេចក្តីសម្រេចដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី គឺមានអត្ថន័យ និងជាការលើកទឹកចិត្តគាំទ្រដ៏ធំធេងដល់វិស័យឯកជនក្នុងស្រុក ដែលកំពុងស្ទុះងើបឡើងនេះ ឲ្យមានឱកាស លទ្ធភាព និង សមត្ថភាព រួមចំណែកក្នុងការលើកកម្ពស់ជីវភាព និងសេដ្ឋកិច្ចកម្ពុជា ដូចដែល សម្តេចតេជោនាយករដ្នមន្ត្រីធ្លាប់មានប្រសាសន៍ថា «ចង់ឃើញវិស័យឯកជនកម្ពុជា មានឋាមពលរឹងមាំ រួមចំណែកជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុង ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិក្នុងភាពជាម្ចាស់ប្រទេស»។
ក្នុងលិខិតដែល Fresh News ទទួលបាននៅយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩នេះ ក្រុមហ៊ុនរ៉ូយ៉ាល់រ៉េលវ៉េ ក៏គោរពថ្លែងអំណរគុណចំពោះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួង។
តាមរយៈលិខិតនេះក្រុមហ៊ុនរ៉ូយ៉ាល់ រ៉េលវ៉េ បានប្តេជ្ញាខិតខំសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីបន្តនិរន្តរភាពនៃការដឹកជញ្ជូនតាមផ្លូវដែកឲ្យកាន់តែល្អប្រសើរឡើង ទាំងការដឹកជញ្ជូន ភ្ញៀវអ្នកដំណើរ ប្រេង សាំង ធ្យូងថ្ម និងទំនិញនានាជាច្រើនមុខទៀតតាមទូ កុងតឺន័រ មិនឲ្យរាំងស្ទះឡើយ។
«យោងតាមការសម្រេចចិត្ត និងសេចក្តីជូនដំណឹងនេះដែរ ក្រុមហ៊ុនរ៉ូយ៉ាល់រ៉េលវ៉េ នឹងប្តេជ្ញាខិតខំពង្រឹងលើកកម្ពស់លក្ខណៈស្តង់ដារ នៃការដឹកជញ្ជូនតាមផ្លូវដែកឲ្យទាន់សម័យជាអន្តរជាតិ ឲ្យមានភាពជឿជាក់ មានសុវត្ថិភាព មានប្រសិទ្ធិភាព មានតម្លៃសមរម្យ ដើម្បីជាការរួមចំណែកជំរុញវិស័យដឹកជញ្ជូនតាមផ្លូវដែករបស់កម្ពុជា ក្លាយជាឆ្អឹងខ្នងសេដ្ឋកិច្ចដ៏សំខាន់ពិតប្រាកដ ក្នុងការបង្កើត កាលានុវត្តភាពថ្មីៗ សម្រាប់ប្រជាជាតិកម្ពុជា»។ នេះការប្តេជ្ញារបស់ក្រុមហ៊ុនដែលបានធ្វើឡើងតាមរយៈលិខិតរបស់ខ្លួន។
ក្រុមហ៊ុនបានបញ្ជាក់ដែរថា នឹងសហការធ្វើការងារជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន លើកិច្ចសន្យាបំពេញបន្ថែមនានា ដើម្បីលើកកម្ពស់វិស័យផ្លូវដែកកម្ពុជាឲ្យបានជឿនលឿនគួរជាទីមោទនសម្រាប់ជាតិនិងប្រជាជន។
ក្នុងវេទិការាជរដ្ឋាភិបាល និងវិស័យឯកជនលើកទី១៨ កាលពីថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០១៩កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសដកហូតសិទ្ធិវិនិយោគ និងធ្វើអាជីវកម្មលើផ្លូវរថយន្តពីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ បន្ទាប់ពីសម្តេចបានមើលឃើញថា ផ្លូវដែកមួយខ្សែនេះមិនមានការអភិវឌ្ឍសមត្ថភាពផ្នែកដឹកជញ្ជូន។ ក្រោយពេលដកហូត គឺប្រគល់ភារកិច្ចទៅឲ្យក្រសួងសាធារណការ និងដឹកជញ្ជូនជាអ្នកគ្រប់គ្រង និងរង់ចាំរកអ្នកវិនិយោគថ្មី។
តែនៅថ្ងៃអាទិត្យ ទី៣១ ខែមីនា ឆ្នាំ២០១៩នេះ ក្រសួងសាធារណការបានអះអាងថា រាជរដ្ឋាភិបាលបន្តក្រុមហ៊ុនរបស់អ្នកឧកញ៉ា គិត ម៉េង បន្តវិនិយោគ និងធ្វើអាជីវកម្មលើផ្លូវដែកនេះបន្តទៅទៀត។ បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងបានបញ្ជាក់ថា ការប្រគល់សិទ្ធិឲ្យក្រុមហ៊ុនអ្នកឧកញ៉ា គិត ម៉េង ធ្វើអាជីវកម្មលើផ្លូវដែកឡើងវិញនេះ ដោយសារក្រសួងត្រូវការពេលវេលាគ្រប់គ្រាន់ក្នុងការសិក្សាឱ្យបានគ្រប់ជ្រុងជ្រោយលើលក្ខខណ្ឌគតិយុត្តិ និងបច្ចេកទេសពាក់ព័ន្ធក្នុងការគ្រប់គ្រងដំណើរការផ្លូវដែក។
ក្នុងសេចក្តីជូនដំណឹងក៏បានគូសបញ្ជាក់ដែរថា ក្រសួងនឹងរៀបចំនីតិវិធីជ្រើសរើសក្រុមហ៊ុនជំនាញដែលមានសមត្ថភាពគ្រប់គ្រាន់ ដែលក្នុងនោះអាចមានការចូលរួមពីក្រុមហ៊ុនរ៉ូយ៉ាល់រេវ៉េ ដើម្បីធ្វើទំនើបកម្មផ្លូវដែកភាគខាងជើង និងភាគខាងត្បូងឲ្យសមស្របទៅតាមតម្រូវការជាក់ស្តែងរបស់ក្រុមហ៊ុនដឹកជញ្ជូន ក្រុមនាំចេញ និងនាំចូល ពាណិជ្ជករ កសិករ និងអ្នកដំណើរឲ្យមានលក្ខណៈស្តង់ដារអន្តរជាតិ និងធ្វើឲ្យមានប្រសិទ្ធភាពជឿជាក់ មានសុវត្ថិភាព និងមានតម្លៃសមរម្យ ដែលជាកត្តាជំរុញឱ្យផ្លូវដែកកម្ពុជាជាឆ្អឹងខ្នងសេដ្ឋកិច្ចដ៏សំខាន់ពិតប្រាកដក្នុងការបង្កើតជាកាលានុវត្តភាបថ្មីសម្រាប់ប្រជាជាតិកម្ពុជា៕