(ភ្នំពេញ)៖ ផ្តើមចេញពីបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីបុណ្យសមុទ្រនៅខេត្តកោះកុងកាលពីខែធ្នូ ឆ្នាំ២០១៨ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំមន្ត្រីជំនាញមកពីគ្រប់ភាគីពាក់ព័ន្ធធ្វើសកម្មភាពយ៉ាងសកម្មក្នុងការរំដោះ និងបញ្ចៀសទឹកកខ្វក់ចូលទៅក្នុងសមុទ្រខ្មែរនៅខេត្តព្រះសីហនុ។
ជាវិធានការដើម្បីរំដោះ និងបញ្ចៀសទឹកកខ្វក់ដែលអាចបំផ្លាញឆ្នេរ និងទឹកសមុទ្ររបស់ខ្មែរនេះ គណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ដែលមានឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានសម្រេចសាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់ចំនួន៤កន្លែងនៅតាមឆ្នេរសមុទ្ររបស់ខ្មែរ។
អាងប្រព្រឹត្តិកម្មទឹកកខ្វក់នេះស្ថិតនៅឆ្នេរឯករាជ្យ, នៅក្រោយសណ្ឋាគារសុខាប៊ិច, នៅអូរសំអាត និងនៅឆ្នេរអូរឈើទាល។ អាងប្រព្រឹត្តិកម្មទឹកកខ្វក់ទាំងបួន ត្រូវបានសាងសង់ឡើងអស់រយៈពេល ៤ខែមកហើយ ហើយត្រូវបានដាក់ឲ្យដំណើរការបូមជាផ្លូវការ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា។
អាងប្រព្រឹត្តិកម្មទឹកកខ្វក់ទាំង៤នេះ មានតួនាទីជាចម្បងក្នុងការចម្រក់ទឹកកខ្វក់មកពីគ្រប់ទីកន្លែងនៅក្រុងព្រះសីហនុឱ្យស្អាតមុនបញ្ចេញទៅតំបន់ដទៃ។ អាងប្រព្រឹត្តិកម្មទី១ បូមទម្លាក់ទៅទី២ ទី២បូមទម្លាក់ទៅទី៣ ហើយទី៣ និងទី៤ បូមទម្លាក់ទៅអាងចម្រោះមេកានិកធំនៅអូរឈើ ១៦ហិកតា។
អាងប្រព្រឹត្តិកម្មធំនេះ ក្រសួងសាធារណការ និងដឹកជញ្ជួន កំពុងរៀបចំបំពាក់មេកានិក ដើម្បីបង្កើនសមត្ថភាពចម្រោះពី ៥,៧០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ទៅដល់ ២៥០,០០០ម៉ែត្រគូបក្នុងមួយថ្ងៃ។
បន្ទាប់ពីអាងប្រព្រឹត្តិកម្មទាំងអស់ដាក់ឲ្យដំណើរការ ប្រឡាយទឹកកខ្វក់ហូរចូលទៅសមុទ្រចំណុចឆ្នេរសុខាជាច្រើនឆ្នាំមកហើយនោះ ក៏ ត្រូវបានបិទលែងឲ្យហូរចូលសមុទ្រទៀតហើយ ជំនួសមកវិញដោយការបូមទម្លាក់ទៅអាងប្រព្រឹត្តិកម្មនៅអូរឈើទាលវិញ។ នេះជាជំហ៊ានជោគជ័យដ៏ធំមួយក្នុងការសង្គ្រោះឆ្នេរសមុទ្រខ្មែរពីទឹកកខ្វក់។
ជាមួយជោគជ័យនេះឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានបង្ហាញក្តីសប្បាយរីករាយ និងចាត់ទុកនេះជោគជ័យមួយជំហាន នៃការបំពេញភារកិច្ចតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន។
លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងដូច្នេះ «ខ្ញុំបានបំពេញភារកិច្ច តាមបទបញ្ជាសម្តេចតេជោ បានមួយជំហានហើយ»។
លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក៏បានអំពាវនាវប្រជាពលរដ្ឋចូលរួមរក្សា ការពារ ឆ្នេរសមុទ្រដ៏ល្អសា្អតនេះ ទុកសម្រាប់គ្រប់ជំនាន់ និងជាមោទនភាពដែលបានកើតជាកូនខ្មែរ។
លទ្ធផលកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីពាក់ព័ន្ធក្រោមការដឹកនាំរបស់ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា គីជាជោគជ័យនៃការ រួបរួមសាមគ្គី ដោយភាពម៉ឹងម៉ាត់ ដើម្បីសម្រេចការងារជាប្រយោជន៍រួមរបស់ជាតិទាំងមូល។
ជាមួយការសម្រេចនូវការងារជាមោទនភាពមួយនេះឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ម្សិលមិញនេះ បានដឹកនាំមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ជាង៣ពាន់នាក់ ទៅបំពេញទស្សនកិច្ចនៅខេត្តព្រះសីហនុ ពិនិត្យការងារដែលសម្រេចបាន ក៏ដូចជាដាំដើមឈើមួយចំនួនផងដែរ។
បន្ថែមពីលើនោះលោកឧបនាយករដ្ឋមន្ត្រី រួមនិងមន្រ្តីរបស់ខ្លួនជាង ៣ពាន់នាក់ ក៏បានរួមគ្នាឈរតម្រៀប ដើម្បីរំលេចជាពាក្យ «ឆ្នេរសមុទ្រកម្ពុជា» បង្ហាញនូវមោទនភាពចំពោះការងារដែលសម្រេចបាន ក៏ដូចជាបំផុសស្មារតីមន្ត្រីរបស់ខ្លួន និងដល់សាធារណជនឲ្យរួមគ្នាថែរក្សាឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់កម្ពុជា៕