(ភ្នំពេញ)៖ នៅក្នុងកម្មវិធីតុមូលមួយដែលផ្តោតលើបញ្ហាប្រឈមរបស់យុវជនកម្ពុជា ចំពោះការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មានវិទ្យា និងប្រព័ន្ធឌីជីថល បណ្ដាវាគ្មិនបានលើកឡើងថា មិនគួរហាមសិស្សមិនឲ្យប្រើទូរស័ព្ទស្មាតហ្វូនឡើយ ព្រោះការប្រើប្រាស់ទូរស័ព្ទដៃទំនើបក្នុងកិច្ចសិក្សា វាជួយបង្កើនចំណេះដឹងបន្ថែមលើការសិក្សាក្នុងថ្នាក់។
កម្មវិធីតុមូលនេះ ធ្វើឡើងនារសៀលថ្ងៃទី២៨ មីនា ឆ្នាំ២០១៩ ដោយមានការចូលរួមពីមន្ត្រីរាជការ តំណាងស្ថាប័នរដ្ឋ ព្រឹទ្ធសភា វិស័យឯកជន តំណាងសភាពាណិជ្ជកម្មអឺរ៉ុប អង្គការអន្តរជាតិ សាស្ត្រាចារ្យ និងនិស្សិតសរុបជាង៧០នាក់ នៅមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវហ្វ្រង់កូហ្វូនភ្នំពេញ នៅក្នុងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
កម្មវិធីនេះក៏មានវត្តមានលោក Clément RAMIARINJAONA សាកលវិទ្យាធិការរង នៃទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង និងលោកស្រី Ouidad TEBBAA នាយិការទីភ្នាក់ងារ AUF ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងវាគ្មិន៦រូប ដែលជាតំណាងមកពីក្រសួងអប់រំ យុវជន និងកីឡា សភាពាណិជ្ជកម្មអឺរ៉ុប សហគ្រិន និងជានិស្សិតជ័យលាភីនៃការប្រកួត Concours Startup នៃតំបន់អាស៊ីប៉ាស៊ីហ្វិកឆ្នាំ២០១៨។
ប្រធានបទ នៃកម្មវិធីតុមូលធ្វើឡើងចំពេល នៃការរីកចម្រើនលើវិស័យគមនាគមន៍ និងប្រព័ន្ធបច្ចេកវិទ្យាទំនើប។ វាគ្មិន និងអ្នកចូលរួមបានលើកឡើងអំពីអត្ថប្រយោជន៍ជាច្រើននៃវិស័យវិទ្យាសាស្ត្រ ចោទសួរលើបញ្ហាផ្សេងៗ ដែលជាផលអវិជ្ជមានជះឥទ្ធិពលដល់យុវជន និងការសិក្សា។
តំណាងក្រសួងអប់រំបានលើកឡើងថា មិនគួរហាមឃាត់សិស្ស និស្សិត ក្នុងការប្រើប្រាស់ទូរស័ព្ទស្មាតហ្វូនបានទេ ព្រោះវាជួយបង្កើនចំណេះដឹងបន្ថែមលើការសិក្សាក្នុងថ្នាក់។ ដោយឡែក លោកគ្រូអ្នកគ្រូ គួរតែរកវិធីសាស្ត្រដើម្បីជំរុញ និងលើកទឹកចិត្តសិស្សឲ្យសិក្សាស្រាវជ្រាវ និងប្រើប្រាស់ទូរស័ព្ទនោះឲ្យមានប្រយោជន៍ បើពុំដូច្នោះទេសិស្សានុសិស្សនឹងប្រើប្រាស់ខុសគោលដៅ។
វាគ្មិនផ្សេងទៀត ក៏បានលើកឡើងអំពីផលអវិជ្ជមានខ្លះៗ ដូចជា ការកាត់បន្ថយការអាន ការលួចចម្លងឯកសារ និងស្រង់យកខ្លឹមសារពីស្នាដៃស្រាវជ្រាវរបស់អ្នកដទៃ ឬរបស់អ្នកនិពន្ធផ្សេងយ៉ាងងាយ ក្នុងការធ្វើកិច្ចការស្រាវជ្រាវធ្វើលំហាត់ផ្សេងៗ មិនយកចិត្តទុកដាក់ក្នុងការសិក្សាដោយខ្លួនឯង និងខ្វះការទទួលខុសត្រូវនូវមានព័ត៌មានជាច្រើន ដែលផ្សព្វផ្សាយបន្តក្នុងបណ្តាញសង្គម ខ្វះការពិត ឬផ្សព្វផ្សាយព័ត៌មានចាស់ ដែលបង្កើតនូវការភ័ន្តច្រឡំក្នុងសង្គម។ ក្នុងបញ្ហាទាំងនេះវាគ្មិន នៃកម្មវិធីតុមូលបានចែករំលែកនូវបទពិសោធន៍ និងវិធីក្នុងការស្វែងយល់អំពីព័ត៌មានពិតផងដែរ ដូចជា ប្រភពព័ត៌មាន អ្នកនិពន្ធ កាលបរិច្ឆេទជាដើម។
ទន្ទឹមនឹងផលអវិជ្ជមានវាគ្មិនមួយចំនួន ក៏បានលើកឡើងអំពីអត្ថប្រយោជន៍ដែលយុវជនជាច្រើន បានឆ្លៀតរកផលពីការវិវត្តនៃបច្ចេកវិទ្យា និងតាមបណ្តាញសង្គម តាមរយៈការសិក្សាស្រាវជ្រាវ ការសិក្សាតាមអនឡាញ និងពីចម្ងាយការចែករំលែកល្អៗ បង្កើតគំនិតច្នៃប្រឌិត និងបង្កើតកម្មវិធីថ្មីជាច្រើនជាដើម។
កិច្ចពិភាក្សាតុមូលនេះ បានបញ្ចប់ដោយកម្មវិធីជួបជុំទទួលទានអាហារសម្រន់ និងពិភាក្សាគ្នាក្រៅផ្លូវការជាលក្ខណៈឯកជន ដើម្បីបង្កើនទំនាក់ទំនងគ្នារវាងនិស្សិត សាស្ត្រាចារ្យ សហគ្រិន និងតំណាងមកពីស្ថាប័នផ្សេងៗក្នុងបរិយាកាសស្និទ្ធស្នាល។
កម្មវិធីទាំងនេះរៀបចំឡើងក្នុងក្របខណ្ឌ នៃការប្រារព្វទិវា នៃបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង La Fête de la Francophonie ដែលប្រារព្វធ្វើឡើងជារៀងរាល់ឆ្នាំក្នុងអំឡុងខែមីនា។ ក្នុងរយៈពេលនេះ ស្ថាប័នរដ្ឋ អង្គការក្រៅរដ្ឋាភិបាល ស្ថានទូតនានា និងបណ្តាគ្រឹះស្ថានអប់រំនៅកម្ពុជាតែងតែប្រារព្វពិធីរៀងៗខ្លួន ឬរួមគ្នាចាប់ពីពាក់កណ្តាលខែមីនារហូតដល់ចុងខែមីនា។
សូមជម្រាបថា មុនពេលចាប់ផ្តើមកម្មវិធីតុមូលនេះ ក៏មានការប្រគល់រង្វាន់ដល់ជ័យលាភី ដែលបានចូលរួមប្រកួតចំណេះដឹងលើការស្រាវជ្រាវតាមប្រព័ន្ធអ៉ីនធឺណែតផងដែរ ក្នុងនោះ និស្សិតមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សុទ្ធតែបានទទួលបានជ័យលាភីទាំង៣ រួមមាន៖ កញ្ញា គ្រី យួកហ៊ុន (លេខ១) លោក ឌួង ប៉ោហួត (លេខ២) និងលោក តុល ស៊ីណាត (លេខ៣)។ រីឯលោក និន គង់ណាវ (និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ) និងកញ្ញា ហេង ស្រីលីស (និស្សិតសាលាតិចណូ) ទទួលបានរង្វាន់លើកទឹកចិត្តពីកម្មវិធីប្រកួត៕