(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត បានបញ្ជាក់យ៉ាងច្បាស់នៅក្នុងសន្និសិតសារព័ត៌មាន នៅសាលាខេត្តកំពត នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ថា គម្រោងអភិវឌ្ឍតំបន់ឆ្នេរខ្សាច់ថ្មី ស្ថិតនៅភូមិកែបថ្មីស្ថិត ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត បច្ចុប្បន្នគឺជាគម្រោងមួយក្រោមការផ្ដល់សិទ្ធិវិនិយោគពីរាជរដ្ឋាភិបាល ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាហៅថា (CDC ) ផ្តល់សិទ្ធិជូនក្រុមហ៊ុន ក្នុងស្រុកមួយឈ្មោះថា ក្រុមហ៊ន IGB ឬក្រុមហ៊ន ជា សុខហេង ជាអ្នកទទួលសិទ្ធិអភិវឌ្ឍយ៉ាងពិតប្រាកដ ក្នុងគោលបំណងដើម្បីអភិវឌ្ឍន៍បម្រើឲ្យវិស័យទេសចរណ៍។

ការលើកឡើង និងចេញមកបញ្ជាក់ពីអភិបាលខេត្តកំពតនេះ គោលបំណងដើម្បីបញ្ជាក់ជូនភាពមិនច្បាស់លាស់របស់បណ្ដាញអ្នកសារព័ត៌មានមួយចំនួន ដែលកន្លងមកបានចុះផ្សាយពីបញ្ហា គម្រោងអភិវឌ្ឍតំបន់ឆ្នេរខ្សាច់ខាងលើនេះ មានភាពមិនច្បាស់លាស់។

លោកអភិបាល ជាវ តាយ បានបញ្ជាក់ថា «ក្នុងរយៈពេលកន្លងមកនេះ តែងតែមានការលេចឮ លើកឡើងខុសៗគ្នាជាច្រើន ពាក់ព័ន្ធគម្រោងអភិវឌ្ឍន៍តំបន់ឆ្នេរខ្សាច់កែបថ្មីរបស់ក្រុមហ៊ុនវិនិយោគ ជា សុខហេងនេះហើយ។ នៅចុងក្រោយនេះឃើញមានការលើកឡើងប្លែកៗ ហើយមានការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ដោយមិនមានភាពច្បាស់លាស់ម្ដងថា សង្ស័យរដ្ឋបាលខេត្តលក់ ម្ដងថា មានការស៊ុមគ្រលំ ម្ដងថា ការអភិវឌ្ឍហ្នឹងវាអត់ស្របច្បាប់។ ដូច្នេះចំណុចខាងលើនេះ ខ្ញុំសូមជំរាបបញ្ជាក់ជូនដល់អ្នកសារព័ត៌មានបានយល់ថា រដ្ឋបាលខេត្ត មិនមានបំណងណាមួយឃុបឃិត ដើម្បីលក់ដីរដ្ឋទៅឲ្យបុគ្គលណាម្នាក់នោះទេ។ នៅក្នុងគម្រោងនោះ រដ្ឋបាលខេត្តមានគំនិតចង់អភិវឌ្ឍន៍ ដើម្បីធ្វើយ៉ាងម៉ិចឲ្យខេត្ត ទទួលបានភ្ញៀវទេសចរណ៍ ហើយបម្រើសេវាជូនប្រជាពលរដ្ឋ មកកម្សាន្ដសំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនេះ ហើយដែលស្របតាមបំណងរាជរដ្ឋាភិបាលចង់បាន»។

បន្ថែមន័យនេះ អភិបាលខេត្ត បានបន្តជំរាបជូនថា កន្លងមកនេះ រដ្ឋបាលខេត្តតែងបានលើកឡើងជូន ក្នុងអង្គប្រជុំជាច្រើនដងរបស់រដ្ឋបាលខេត្តថា តំបន់កែបថ្មីនេះជាតំបន់មួយមានការវិនិយោគ ហើយមានច្បាប់ទំលាប់ដោយមានការសម្រេចរបស់ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា (CDC) ក្នុងនោះគឺមានទំហំដី២០០ហិកតា រដ្ឋបាលខេត្តទទួលបាន៤០ភាគរយ អ្នកវិនិយោគទទួលបាន៦០ភាគរយ មានន័យថា រដ្ឋបាលខេត្តទទួលបានដី៨០ហិកតា អ្នកវិនិយោគទទួលបាន១២០ហិកតា។

លោកថា «ប៉ុន្តែរឿងរ៉ាវទាំងនេះ យើងដឹងហើយថា ការវិនិយោគនេះ មិនទើបតែមានពេលនេះទេ គឺមានយូរហើយដែលមានឈ្មោះក្រុមហ៊ុន កែវ ជា បន្ទាប់មកក្រុមហ៊ុន កែវ ជា ក៏បានផ្ទេរឲ្យមក ក្រុមហ៊ុន ជា សុខហេងនេះ។ បច្ចុប្បន្ននេះរដ្ឋបាលខេត្ត ក៏បានជំរុញឲ្យក្រុមហ៊ុន នេះអនុវត្តគោលការណ៍របស់រាជរដ្ឋាភិបាល ដើម្បីជាចំណែករបស់រដ្ឋបាលខេត្ត យកទៅធ្វើការអភិវឌ្ឍឆ្នេរ មួយដ៏ស្រស់ស្អាត ដើម្បើបម្រើវិស័យទេសចរណ៍បានលឿនឆាប់រហ័សយ៉ាងហោច នៅចុងឆ្នាំ២០១៩នេះ ក៏ត្រូវឲ្យមានឆ្នេរខ្សាច់សម្រាប់បម្រើភ្ញៀវទេសចរណ៍ មកកម្សាន្ដបានមួយចំណែកផងដែរ»។

ជាមួយគ្នានេះ អភិបាលខេត្ត ក៏បានសង្កត់ធ្ងន់ថា រដ្ឋបាលខេត្ត គឺជាសេនាធិការ ឫតំណាងរាជរដ្ឋាភិបាល តែបើអ្វីមានជាច្បាប់ ជាបទដ្ឋានគតិយុត្តទាំងឡាយណា រដ្ឋបាលខេត្តត្រូវតែអនុវត្តតាមអ្វី ដែលមាននៅក្នុងច្បាប់ និងរបស់រាជរដ្ឋាភិបាល។ ពិតមែនហើយអ្នកសារព័ត៌មានជាស្ពានចម្លងឆ្លុះបញ្ចាំងពីភាពវិជ្ជមាន និងអវិជ្ជមានក្នុងសង្គមជួយដល់អាជ្ញាធរក៏ដូចរាជរដ្ឋាភិបាល។ ប៉ុន្តែការលើកឡើងណាមួយផ្ទុយពីការអនុវត្តមិនមែនការពិតនោះ លោកសូមសំណូមពរមុនចុះផ្សាយ ត្រូវមានការទំនាក់ទំនងសួរនាំពីប្រភពព័ត៌មានឲ្យបានច្បាស់លាស់សិនទើបជាការប្រសើរ។

គួររំលឹកផងដែរថា ឆ្នេរខ្សាច់ថ្មីដែលជាឆ្នេរខ្សាច់សិប្បនិម្មិតមួយ ស្ថិតនៅចំណុចឆ្នេមាត់សមុទ្រ ក្នុងភូមិកែបថ្មី ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត ត្រូវបានចាប់ផ្តើមកសាងឡើងតាមគម្រោង រាជរដ្ឋាភិបាលកម្ពុជា ខណៈខេត្តកំពតដែលពីមុនវិសាលភាពសមុទ្រ មានតែឆ្នេរតែគ្មានឆ្នេរខ្សាច់ដូចខេត្តជាប់មាត់សមុទ្រដ៏ទៃទៀត។

ក្នុងពិធីបើកការដ្ឋានសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជំរុញឲ្យរដ្ឋបាលខេត្តកំពត កសាងឆ្នេរខ្សាច់សិប្បនិម្មិតថ្មីមួយ ដែលកំណត់នៅក្នុងភូមិសាស្ត្រ នៃឃុំបឹងទូកខាងលើ ធ្វើយ៉ាងណាឲ្យហើយរួចរាល់នៅមុនថ្ងៃបុណ្យសមុទ្រ ក្នុងខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ។

បើតាមគម្រោង តំបន់ឆ្នេរនេះនឹងមានអគារខ្ពស់ៗ សណ្ឋាគារផ្តាយប្រាំ មានមន្ទីរពេទ្យ សាលារៀន កំពង់ផែ ផ្សារលក់ផលិតផលសមុទ្ររបស់អ្នកភូមិជាដើម ដែលក្រុមហ៊ុនជាសុខហេង ចំណាយទឹកប្រាក់ក្នុងការអភិវឌ្ឍន៍ ប្រមាណ ២ពាន់លានដុល្លារ លើផ្ទៃដី ២០០ហិកតា៕