(ព្រះវិហារ)៖ លោកឧត្តមសេនីយ៍ទោ ចន្ទ័ សុភក្ត្រ័ា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកឆែប នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩នេះ បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពគ្រោះធម្មជាតិបំផ្លាញផ្ទះប្រជាពលរដ្ឋ នៅភូមិកាឡោត ឃុំសង្កែពីរ ស្រុកឆែប ខេត្តព្រះវិហារ ព្រមទាំងបាននាំអំណោសសម្តេចតេជោ ហ៊ុន សែន យកទៅជួយសង្គ្រោះភ្លាមៗផងដែរ។
នៅក្នុងឱកាសនោះលោក ចន្ទ័ សុភក្រ្ត័ា បានចូលរួមសំដែងការសោកស្តាយចំពោះហេតុការណ៍គ្រោះធម្មជាតិ ដែលបានបំផ្លាញផ្ទះប្រជាពលរដ្ឋនៅពេលនេះ។ លោកថា «គ្រោះធម្មជាតិ យើងមើលមិនឃើញនោះទេ វាជាហេតុការណ៍ដែលយើងទាំងអស់គ្នា មិនបានដឹងខ្លួនជាមុន ប៉ុន្តែវាក៏ជាសំណាងរបស់យើងដែរ ដែលមិនមានសមាជិកគ្រួសារណាម្នាក់រងរបួស ឬក៏បាត់បង់ ជីវិតនោះ»។
លោក ចន្ទ័ សុភក្ត្រ័ បានលើកឡើងថា ទោះជាយ៉ាងណាក៏ដោយ ក្នុងនាមលោកជាប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកឆែប លោកមានការសោកស្តាយណាស់ ចំពោះហេតុការណ៍នេះ។
ជាមួយគ្នានោះ លោកក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ជូនចំពោះបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះធម្មជាតិ ខូចខាតផ្ទះសំបែងនេះផង។
ទន្ទឹមនិងនោះដែរ លោក ចន្ទ័ សុភក្ត្រ័ា បានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះ សូមកុំអស់សង្ឃឹមអី ត្រូវខិតខំបន្ថែមទៀត ដើម្បីជីវភាពរស់នៅរបស់យើង ហើយអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាប្រមុខដឹកនាំដ៏ឈ្លាសវៃ លោកមិនបណ្តែតបណ្តោយឲ្យបងប្អូនយើងរស់នៅក្នុងភាពវេទនាដែរ។
ជាក់ស្តែងនៅពេលនេះ លោកបាននាំមកនូវអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន យកមកប្រគល់ជូនបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះទាំងអស់ភ្លាមៗផងដែរ។ បើទោះអំណោយទាំងនេះមិនបានបំពេញសេចក្តីត្រូវការរបស់បងប្អូនក៏ដោយ តែវាបានជួយសម្រួលដល់ការលំបាករបស់បងប្អូន ប្រជាពលរដ្ឋយើងមួយគ្រាៗផងដែរ។
សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩នេះ ប្រជាពលរដ្ឋចំនួន៩គ្រួសារ នៅភូមិកាឡោត ឃុំសង្កែពីរ ស្រុកឆែប ខេត្តព្រះវិហារ បានរងគ្រោះធម្មជាតិខ្យល់កន្ត្រាក់បណ្តាល ឲ្យផ្ទះ៩ខ្នង រងការខូចខាតក្នុងនោះ២ខ្នង ខូចខាតធ្ងន់ធ្ងរ និង៧ខ្នងទៀតប៉ើងដំបូលនិងជញ្ជាំង៕