(សៀមរាប)៖ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ លោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការី បានអញ្ជើញជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូទីប្រឹក្សា និងយុវជនកាកបាទក្រហកម្ពុជា មកពី ១៨គ្រឹះស្ថានសិក្សា ក្នុងខេត្តសៀមរាបសរុប ៤៩៩នាក់ នៅសាលមហោស្រព អង្គរខេត្តសៀមរាប។
លោក ស៊ុំ សំអន នាយកសាខាកាកបាទក្រហកម្ពុជា ខេត្តសៀមរាប បានរាយការណ៍ថា បើគិតពីឆ្នាំ២០០៩មក សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានបំពាក់កន្សែងយុវជន កាកបាទក្រហមកម្ពុជា ចំនួន ២៨លើក ដល់ប្អូនៗយុវសិស្សចំនួន ៣,៤៥៧នាក់ ដែលតាមរយៈនេះប្អូនៗសមាជិក យុវជនកាកបាទក្រហមកម្ពុជាយើងទាំងអស់ សុទ្ធតែបានចូលរួមរាល់ សកម្មភាពរបស់សាលា ក៏ដូចជាសកម្មភាពមនុស្សធម៌ក្នុងសង្គមផងដែរ។
នៅដើមឆ្នាំ២០១៩នេះ យុវជនកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នៅត្រឹមតែ៧៣០នាក់ (ស្រី ៣៨៥នាក់) នៅក្នុង ២៤សាលាគោលដៅ, មានវិទ្យាល័យ១៨, អនុវិទ្យាល័យចំនួន៦។ លោកគ្រូ អ្នកគ្រូទីប្រឹក្សាយុវជនសរុប ៣៨នាក់ (ស្រី១៨នាក់)។
នាឱកាសនោះ លោក ទៀ សីហា ពាំនាំនូវការសាកសួរសុខទុក្ខ និងក្ដីនឹករលឹកដ៏ជ្រាលជ្រៅពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធាន ក្រុមការងារយុវជន កាកបាទក្រហមកម្ពុជា ជូនចំពោះប្អូនៗ យុវជនកាកបាទក្រហមកម្ពុជា ដែលវត្តមានទីនេះក៏ដូចជា នៅតាមគ្រឹះស្ថានសិក្សាសាធារណៈផងដែរ។
លោកបន្តថា បច្ចុប្បន្នកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គឺជាស្ថាប័នមនុស្សធម៌ធំជាងគេក្នុងប្រទេស ដែលធ្វើប្រតិបត្តិការមនុស្សធម៌ ជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ កាកបាទក្រហមកម្ពុជា ជាសមាគមជាតិដែលជាជំនួយការឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ ស្របតាមបាវចនាជាសកលរបស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម គឺ៖ «សង្គ្រោះជីវិត ផ្លាស់ប្តូរផ្នត់គំនិត» ហើយពិតជាមិនអាចកាត់ផ្ដាច់បានពី សកម្មភាពចូលរួមរបស់យុវជនកាកបាទក្រហមកម្ពុជា ដែលជាឆ្អឹងខ្នងរបស់សមាគមជាតិ នៃយើងបានឡើយព្រោះថា យុវជនជាភ្នាក់ងារនៃការផ្លាស់ប្ដូរឥរិយាបថផងដែរ៕