(កំពង់ឆ្នាំង)៖ កាលពីយប់ម្សិលមិញនេះ នៅលើឆាកតន្រ្តីស្រាបៀរកម្ពុជា Rock the Nation នៅទីរួមខេត្តកំពង់ឆ្នាំង កញ្ញា ឱក សុគន្ធកញ្ញា បានបង្ហាញនូវក្តីស្រម័យរបស់ខ្លួនចំពោះការសិក្សាកុមារ នៅតាមជនបទ ថា «បើសិនជាខ្ញុំឈ្នះរង្វាន់ 40លានរៀល ពីភេសជ្ជៈ ប៉ូវកំលាំង វើក WURKZ មែននោះ ខ្ញុំនឹងយកប្រាក់រង្វាន់ទាំងអស់នេះ បូកបន្ថែមនឹងថវិកាផ្ទាល់ខ្លួន ទៅធ្វើសាលារៀនបន្ថែម នៅទីជនបទដាច់ស្រយាលនៃខេត្តសៀមរាប ដើម្បីឱ្យកុមារនៅទីនោះងាយស្រួលទៅរៀនជិតផ្ទះ»។
កញ្ញាក៏បានបន្តទៀតថា ចង់ឱ្យសាលាដែលកញ្ញាចូលរួមចំណែកកសាងផ្តល់នូវគុណភាពនៃការអប់រំមួយ ដែលមានលក្ខណៈស្រដៀងទៅនឹងសាលាបឋមសិក្សាវត្តបូ ដែលជាសាលាល្បីមួយនៃខេត្តសៀមរាប។
កញ្ញាក៏បានបង្ហាញការប្តេជ្ញាតាំងចិត្តធ្វើឱ្យក្តីស្រម៉ៃនេះក្លាយជាការពិតដែរ ទោះបីជាមានឱកាស ឬមិនមានសំណាងឈ្នះរង្វាន់ 40លានរៀលនេះក្តី៕