(ព្រះវិហារ)៖ ផ្លូវជាតិលេខ៩៥ នឹងត្រូវផ្អាកចរាចរណ៍បណ្តោះអាសន្នរយៈពេលមួយថ្ងៃ ពោលគឺថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ស្អែកនេះ ដោយសារមន្ត្រីជំនាញមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ធ្វើការរុះរើស្ពានដែកបាឡេចាស់ទ្រុឌទ្រោមមួយកន្លែង នៅចំណុចគីឡូម៉ែត្រ០-២៥០ក្នុងទីរួមស្រុកឆែប ខេត្តព្រះវិហារ។
លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩នេះថា នៅថ្ងៃស្អែកនេះ ផ្លូវជាតិលេខ៩៥ នឹងត្រូវផ្អាកការធ្វើចរាចរណ៍ពេញមួយថ្ងៃ ដោយសារមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ធ្វើការរុះរើស្ពានដែកបាឡេមួយកន្លែង នៅចំណុចគីឡូម៉ែត្រ០+២៥០ ស្ថិតក្នុងស្រុកឆែប។
លោក សំ លាងទ្រី បានបន្តឲ្យដឹងទៀតថា «ស្ពានដែកបាឡេដែលយើងធ្វើការរុះរើនេះ មានបណ្តោយប្រវែង៤០ម៉ែត្រ និងទទឹង៤ម៉ែត្រ គឺជាស្ពានដែលមានសភាពចាស់ទ្រុឌទ្រោមណាស់ទៅហើយ មិនអាចឲ្បងប្អូនប្រជាពលរដ្ឋធ្វើចរាចរណ៍ឆ្លងកាត់បានទៀតទេ ព្រោះអាចកើតមានគ្រោះថ្នាក់ជាយថាហេតុ»។
ជាមួយគ្នានេះដែរ លោក សំ លាងទ្រី ក៏បានបញ្ជាក់ផងដែរថា «បន្ទាប់ពីស្ពានដែកនេះរុះរើចេញហើយ យើងនឹងសាងសង់ស្ពានថ្មីធ្វើអំពីបេតុងដែលមានប្រវែង៤០ម៉ែត្រ និងទទឹងរហូត១០ម៉ែត្រ»។
បើតាមលោក លាងទ្រី នៅពេលនេះ ក្រុមការងារបញ្ចេកទេសកំពុងញាប់ដៃញាប់ជើង ធ្វើផ្លូវវាងបណ្តោះអាសន្នជូនបងប្អូប្រជាពលរដ្ឋធ្វើដំណើរ ដែលសង្ឃឹមថា នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ បងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរបានធម្មតា។ ករណីនេះលោកក៏សុំការយោគយល់អធ្យាស្រ័យពីសំណាក់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនប្រជាពលរដ្ឋ ដែលត្រូវធ្វើដំណើរឆ្លងកាត់ស្ពាននេះនៅថ្ងៃស្អែក៕