(ភ្នំពេញ)៖ បន្ទាប់ពីចំណាយពេលយកចិត្តទុកដាក់ក្នុងជួសជុលទាំងយប់ទាំងថ្ងៃអស់រយៈពេលជាងមួយឆ្នាំ ស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១) ត្រូវជួសជុលរួចរាល់ជាស្ថាពរហើយ គ្រោងនឹងដាក់ឲ្យដំណើរឡើងវិញនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ខាងមុខនេះ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩នេះ បានអញ្ជើញចុះត្រួតពិនិត្យដោយផ្ទាល់ជាលើកក្រោយទៅលើគុណភាពនៃការជួសជុលស្ពានមួយខ្សែនេះ។ បន្ទាប់ពីដើរត្រួតពិនិត្យយ៉ាងល្អិតល្អន់ក្រោមកម្តៅថ្ងៃ លោកទេសរដ្ឋមន្ត្រី បានអះអាងថា គុណភាពនៃការជួសជុលគឺល្អ ១០០ភាគរយ ដែលក្នុងនោះសូមថ្នាំលាបបង្កាន់ដៃក៏យកមកពីប្រទេសជប៉ុនដោយផ្ទាល់ផងដែរ។
លោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងអំណរគុណទីភ្នាក់ងារ សហប្រតិបត្តិការ អន្តជាតិ ជប៉ុន (JICA) ដែលបានប្រឹងប្រែងជួយជួសជុលស្ពានទាំងយប់ទាំងថ្ងៃរហូតហើយមុនកាលកំណត់។
ជាមួយនឹងការដើរត្រួតពិនិត្យគុណភាពស្ពាននេះ លោក ស៊ុន ចាន់ថុល បានអំពាវនាវទៅដល់អ្នកដឹកជញ្ជូនជួយចូលរួមថែរក្សាស្ពានដោយកុំដឹកលើសទម្ងន់ ហើយក៏បានអំពាវនាវទៅដល់ប្រជាពលរដ្ឋឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ និងបើកបរដោយការប្រុងប្រយ័ត្នកុំមានការមានគ្រោះថ្នាក់ដល់អាយុជីវិតក្នុងពេលបើកបរទៅលេងកម្សាន្តនៅស្រុកកំណើតក្នុងពេលបុណ្យចូលឆ្នាំថ្មីខាងមុខនេះ។
សូមបញ្ជាក់ថា ស្ពានមិត្តភាពកម្ពុជា-ជប៉ុន មានប្រវែង ៩៧១ម៉ែត្រ ទទឹង ១៣ម៉ែត្រ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦A ក្នុងភូមិសាស្ត្រទឹកដីរាជធានីភ្នំពេញ ត្រូវបានសាងសង់ និងសម្ភោធឱ្យប្រើប្រាស់ក្នុងឆ្នាំ១៩៦៣ ក្រោមជំនួយឥតសំណងរបស់ជប៉ុន។ ស្ពាននេះត្រូវបានខូចខាតដោយសង្គ្រាមស៊ីវិលនៅកម្ពុជា និងត្រូវបានសាងសង់ឡើងវិញនៅឆ្នាំ១៩៩២ ដោយប្រទេសជប៉ុន ហើយត្រូវបានប្តូរឈ្មោះទៅជាស្ពានមិត្តភាពកម្ពុជា-ជប៉ុន ដោយព្រះមហាវិរៈក្សត្រ ព្រះបរមរតនកោដ្ឋ សម្ដេចព្រះបាទ នរោត្ដម សីហនុ។
ដោយសារស្ពាននេះមានអាយុកាលដ៏ចំណាស់ ហើយស្របពេលកំណើនសេដ្ឋកិច្ច និងលំហូរចរាចរណ៍កើនឡើងជាលំដាប់នោះ ស្ពាននេះតម្រូវឱ្យមានការជួសជុលឡើងវិញជាបន្ទាន់ ដោយចំណាយថវិកាអស់ប្រមាណ ៣០លានដុល្លារអាមេរិក ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន។ ដំណើរការជួសជុលឡើងវិញនេះ បានចាប់ផ្តើមបើកការដ្ឋានសាងសង់នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧។
ការជួសជុលនេះគ្រោងបញ្ចប់នៅកំលុងខែកក្កដា ឆ្នាំ២០១៩ខាងមុខនេះ តែដោយសារការប្រឹងប្រែង និងយកចិត្តទុកដាក់ទាំងយប់ទាំងថ្ងៃធ្វើឱ្យការជួសជុលស្ពាននេះរួចរាល់មុនពេលកំណត់។ ស្ពាននេះមានការការគូសកំនូសសម្គាល់ផ្លូវសម្រាប់រថយន្ត សម្រាប់ម៉ូតូ សម្រាប់ថ្មើរជើង ដើម្បីជាការសម្គាល់បន្ថែមទៅដល់អ្នកប្រើប្រាស់ផ្លូវ។
លើសពីនោះទៀត ទាំងក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាអង្គការ JICA បាននាំសិស្សទស្សនកិច្ចនៅលើស្ពាន និងពន្យល់ពួកគេពីការប្រើប្រាស់ផ្លូវផងដែរ៕