(ភ្នំពេញ)៖ សមាគមអ្នករត់មូតូឌុបកម្ពុជា-អាស៊ាន នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩នេះ បានរៀបចំពិធីសំណេះសំណាលអបអរសាទរបុណ្យចូលឆ្នាំថ្មី ជាមួយសមាជិកជាតំណាងអ្នករត់ម៉ូតូឌុប តាក់ស៊ី និងម៉ូតូកង់បីសរុបជិត ១០០នាក់ ក្រោមអធីបតីភាពលោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC)។

លោក ចាន់ សារ៉េត ប្រធានសមាគមម៉ូតូឌុបកម្ពុជា-អាស៊ាន បានរាយការណ៍អំពីប្រវត្តិរបស់សមាគមម៉ូតូឌុបកម្ពុជា-អាស៊ាន ដែលបានបង្កើតឡើងនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១១ បានទទួលស្គាល់ដោយក្រសួងមហាផ្ទៃ ក្នុងគោលបំណងប្រមូលផ្ដុំកម្លាំងសាមគ្គីភាពរវាងកម្មករលើវិស័យក្រៅប្រព័ន្ធ ដូចជាម៉ូតូឌុប កង់បី ស៊ីក្លូ តាក់ស៊ី និងអាជីវករមួយចំនួនទៀត ដើម្បីបម្រើផលប្រយោជន៍ជូនពួកគាត់។ រហូតមកដល់ពេលនេះ សមាគមកសាងសមាជិកជាអ្នករត់ម៉ីតូឌុប និងអ្នករត់ម៉ូតូកង់បី បានជាង ៧,០០០នាក់។

ក្នុងនាមប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា លោក សោម អូន បានថ្លែងកោតសរសើរចំពោះសមាគមម៉ូតូឌុប-កម្ពុជាអាស៊ាន ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទីសមស្របតាមលក្ខន្តិកៈរបស់ខ្លួន ក្នុងការចូលរួមសកម្មភាពសម្របសម្រួល និងជួយដោះស្រាយបញ្ហានានាដល់សមាជិក។

លោក សោម អូន ក៏បានលើកឡើងអំពីដំណើរការវិវត្តនៃស្ថានភាពសេដ្ឋកិច្ចជាតិ ក្រោមការខិតខំប្រឹងប្រែងរបស់ប្រមុខដឹកនាំរាជរដ្ឋាភិបាល ដើម្បីទទួលបាននូវភាពប្រកួតប្រជែង និងភាពទាក់ទាញពីអ្នកវិនិយោគ។

លោកបានបន្ថែមថា ភាពរីកចម្រើននៃសេដ្ឋកិច្ចជាតិ គឺជាការផ្តល់ផលប្រយោជន៍ ដោយប្រយោលចំពោះអ្នកប្រកបរបររត់ម៉ូតូឌុប តាក់សុី និងម៉ូតូកង់បី។

លោក សោម អូន ក៏បានផ្តល់អនុសាសន៍ដល់សមាជិកនៃសមាគមម៉ូតូឌុបកម្ពុជា-អាស៊ាន៖

*ទី១-ត្រូវបន្តខិតខំប្រឹងប្រែងអនុវត្តសកម្មភាពការងារឲ្យស្របតាមលក្ខ័ន្តិក:របស់ខ្លួន។

*ទី២-ចូលរួមគោរពច្បាប់របស់ប្រទេសឲ្យមានប្រសិទ្ធភាព។

*ទី៣-ចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីចៀសវាងគ្រោះថ្នាក់ជាយថាហេតុ។

*ទី៤-ត្រូវទទួលខុសត្រូវ និងផ្តល់សេវាឲ្យបានល្អ ចំពោះអ្នកដំណើរ ឬភ្ញៀវដែលបានប្រើប្រាស់សេវាម៉ូតូឌុប តាក់សុី និងម៉ូតូកង់បីរបស់ខ្លួន៕