(ស៊ីអាន,ចិន)៖ លោក ហោ មុន្នីរ័ត្ន រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងលោករដ្ឋមន្ត្រី ថោង ខុន បានដឹកនាំប្រតិភូក្រសួងទេសចរណ៍ សិល្បករនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចំនួន ១៣រូប និងផ្នែកឯកជន ចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិ Xi’an Silk Road International Tourism Expo 2019 នៅទីក្រុងស៊ីអាន សាធារណរដ្ឋប្រជាមានិតចិន។
ព្រឹត្តិការណ៍នេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩-៣១ ខែមីនា ឆ្នាំ២០១៩ ដែលមានស្តង់ចូលរួមសរុបចំនួន ២០០ស្តង់ Buyer ចំនួន៥០០នាក់ (អន្តរជាតិចំនួន ២០០នាក់ និងក្នុងស្រុកចំនួន៣០០នាក់)។
កម្ពុជាក៏បានទទួលធ្វេីជាប្រទេសកិត្តិយស Guest Country of Honor ក្នុងព្រឹត្តិការណ៍ខាងលេីនេះផងដែរ។
ក្នុងព្រឹត្តិការណ៍ពិព័រណ៍អន្តរជាតិ Xian International Tourism Expo នេះពន្លាក្រសួងទេសចរណ៍កម្ពុជា មានការចូលរួមពីផ្នែកឯកជនមួយចំនួន រួមមាន៖ ក្រុមហ៊ុន Naga World សណ្ឋាគារ Sokha សណ្ឋាគារ Dara Hotel សណ្ឋាគារ Rosewood ក្រុមហ៊ុន Cambodia Airways ក្រុមហ៊ុន Angkor Zip Line។
ក្នុងឱកាសនោះ ក្រសួងទេសចរណ៍ ក៏បានរៀបចំនូវកម្មវិធីផ្សព្វផ្យាយបង្ហាញផ្លូវទេសចរណ៍កម្ពុជា Cambodia Tourism Roadshow នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ នៅសណ្ឋាគារ Crowne Plaza Hotel ដែលមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃខេត្តស៊ានស៊ី មជ្ឈមណ្ឌលអាស៊ាន-ចិន កុងស៊ុលខ្មែរប្រចាំនៅទីក្រុងស៊ីអាន សារព័ត៌មាន និងអ្នកទិញជាតិ-អន្តរជាតិសរុបជាង ៣០០នាក់ ដេីម្បីសំដៅជំរុញផ្សព្វផ្សាយសក្កានុពលទេសចរណ៍កម្ពុជា ពិសេសជំរុញយុទ្ធនាការផ្សព្វផ្សាយទេសចរណ៍ «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ» និងផ្សព្វផ្សាយវេទិកាទេសចរណ៍អាស៊ាន (ATF2021) ដែលកម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះ និងទាក់ទាញប្រតិបត្តិករទេសចរណ៍ វិនិយោគគិន និងភ្ញៀវទេសចរចិនចូលមកទស្សនាកម្ពុជាឱ្យកាន់តែច្រើនឡើង ជាពិសេសផ្សព្វផ្សាយឆ្នាំទេសចរណ៍រួមគ្នាកម្ពុជា-ចិន Tourism Year 2019 ផងដែរ។
គួរកត់សម្គាល់ផងដែរថា កាលពីឆ្នាំ២០១៨ កន្លងទៅនេះ កម្ពុជាទទួលបានទេសចរអន្តរជាតិសរុបចំនួន ៦.២លាននាក់ កេីនបានជិត ១១% ហេីយក្នុងនោះភ្ញៀវទេសចរចិនប្រមាណ ២លាននាក់ ក្នុងកំណើនប្រមាណ ៦៧.២% ឈរក្នុងលំដាប់លេខ១។
តាមការព្យាករណ៍ ក្នុងឆ្នាំ២០១៩នេះ កម្ពុជាអាចនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៦.៦លាននាក់ ហេីយទេសចរចិន ២.៦លាននាក់ ហេីយនៅឆ្នាំ២០២០ កម្ពុជាអាចនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន៧លាននាក់ ហេីយទេសចរចិន ៣លាននាក់៕