(ក្រចេះ)៖ សមាគមចលនាយុវជនកម្ពុជា ក១៥៧ សហការជាមួយសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩នេះ បានចុះពិនិត្យសុខភាព និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅសាលាបឋមសិក្សាសំបូរ ស្ថិតក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ ដែលមានប្រជាពលរដ្ឋចូលរួមពិនិត្យសុខភាព និងព្យាបាលយ៉ាងច្រើនកុះករ។
ពិធីនេះដែរដោយមានការចូលរួមពីលោក ហេង សុខគង់ តំណាងលោក ហ៊ុន ម៉ានី តំណាងរាស្ត្រ និងប្រធានស.ស.យ.ក លោក ម៉ឹង ពន្លក ប្រធានសមាគមចលនាយុវជនកម្ពុជា ក១៥៧ និងលោកក វ៉ា ថន អភិបាលខេត្តក្រចេះ។
លោក ម៉ឹង ពន្លក បានបញ្ជាក់ថា បច្ចុប្បន្នទោះបីជាមានមណ្ឌលសុខភាពដល់មូលដ្ឋានឃុំ/សង្កាត់យ៉ាងណាក្តី បញ្ហាកង្វះគ្រូពេទ្យនៅតែមាន។ ដូច្នេះ សមាគមចលនាយុវជនកម្ពុជា ក១៥៧ បានសហកាជាមួយក្រុមសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ដែលមកពិនិត្យព្យាបាលប្រជាពលរដ្ឋ គឺជាអ្នកដែលមានជំនាញ បទពិសោធន៍ជាឱកាសល្អ សម្រាប់ប្រជាពលរដ្ឋនៅស្រុកសំបូរ ការទទួលបានសេវាសុខភាពដោយមិនគិតថ្លៃ ហើយនៅពេលអនាគត ក្រុមគ្រូពេទ្យ និងចុះទៅពិនិត្យព្យាបាល ពិនិត្យជំងឺជូនប្រជាពលរដ្ឋនៅតាមឃុំ និងភូមិ ដែលនេះជាការយកចិត្តទុកដាក់ថែរក្សា សុខភាពជូនប្រជាពលរដ្ឋ ព្រោះសុខភាពមានតម្លៃណាស់។
ក្នុងឱកាសនោះដែរ លោក ហេង សុខគង់ ប្រធានសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ក៏បាននាំការសួរសុខទុក្ខពី លោក ហ៊ុន ម៉ានី និងលោកស្រីយឹម ឆៃលីន មកជូនលោកយាយ លោកតា ពុក ម៉ែ មា មីង និងបងប្អូនកម្មករ និយោជិតទាំងអស់ និងបានលើកឡើងថា ក្រុមគ្រូពេទ្យនៃសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ចំនួន៣២៨នាក់ ដែលសុទ្ធតែជាវេជ្ជបណ្ឌិតជំនាញ ភាគច្រើនបានបញ្ចប់ការសិក្សានៅក្រៅប្រទេស និងមានបទពិសោធន៍ជាច្រើនឆ្នាំ នៅតាមមន្ទីរពេទ្យធំៗនារាជធានីភ្នំពេញ បានចុះផ្តល់សេវាពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋ នៅស្រុកសំបូរ ដោយមិនគិតថ្លៃ ដែលជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការគិតគូរ និងយកចិត្តទុកដាក់ពីសុខមាលភាពរបស់ប្រជាពលរដ្ឋ។
លោក បញ្ជាក់ទៀតថា ក្រុមគ្រូពេទ្យ នៃសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា បានចុះពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅគោលដៅសំខាន់ គឺបង្ខិតសេវាសុខាភិបាល ទៅដល់ផ្ទះប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់សុខភាព និងសុខមាលភាពប្រជាពលរដ្ឋ ជាពិសេសតំបន់ដាច់ស្រយាល និងឆ្ងាយពីសេវាសុខាភិបាលរបស់រដ្ឋ។ហើយលោក បានបន្ថែមថា សេវាដែលផ្តល់ជូនប្រជាពលរដ្ឋក្នុងឱកាសនេះ រួមមាន ជំងឺទូទៅ ជំងឺបេះដូង និងសសៃរឈាម ជំងឺមនុស្សចាស់ ជំងឺត្រចៀក ច្រមុះបំពង់ក ជំងឺភ្នែក ជំងឺសើរស្បែក និងកាមរោគ ជំងឺផ្លូវចិត្ត ជំងឺកុមារ វះកាត់តូច និងរោគសន្លាក់ ជំងឺមាត់ ធ្មេញ អេកូសាស្ត្រ រោគស្ត្រី និងពិនិត្យផ្ទៃពោះ ជំងឺតម្រងនោម មន្ទីរពិសោធន៍ចល័ត ពិនិត្យបឋម និងវាស់សំពាធឈាម អប់រំសុខភាពសាធារណៈ សេវាថែរក្សាក្រោយព្យាបាល (After Care Service)។
ជាមួយគ្នានេះ លោក វ៉ា ថន អភិបាលខេត្តក្រចេះ ក៏បានថ្លែងអំណរគុណដល់សមាគមចលនាយុវជនកម្ពុជា ក១៥៧ បានសហការជាមួយសម្ព័ន្ធគ្រូពេទ្យ សហភាពសហព័ន្ធយុវជនកម្ពុជា ពិនិត្យសុខភាព និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅស្រុកសំបូរ ក្នុងខេត្តក្រចេះ
ដោយឥតគិតថ្លៃ ដែលបង្ហាញពីការគិតគូរអំពីសុខភាពប្រជាពលរដ្ឋ។
លោកអភិបាលខេត្ត បានសំណូមពរ ឲ្យមានសកម្មភាពរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះមកពិនិត្យ និងព្យាបាលសុខភាពប្រជាពលរដ្ឋបានញឹកញាប់ និងអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋត្រូវរស់នៅស្អាត ហូបស្អាត និងមានអនាម័យ ដើម្បីជៀសវាងអំពី ជំងឺ និងមេរោគផ្សេងៗជាច្រើន ដែលបង្កឲ្យប៉ះពាល់ដល់សុខមាភាពរបស់ប្រជាពលរដ្ឋ៕