(បន្ទាយមានជ័យ)៖ ឧត្តមសេនីយឯក ណុប ដារ៉ា អគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះខេត្តបន្ទាយមានជ័យ រួមជាមួយអភិបាលខេត្តលោក សួន បវរ និងសប្បុរសជន នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩នេះ បានអញ្ជើញកាត់ឬសីមា និងសម្ភោធសមិទ្ធិផលនានានៅវត្តមុនីសូរិយា ដែលសរុបជាថវិកាជាង៨សែនដុល្លារ។
សមិទ្ធិផលនានានៅវត្តមុនីសូរិយា ស្ថិតនៅភូមិសូរិយា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលត្រូវបានដាក់សម្ពោធនោះរួមមាន៖ ព្រះវិហារ, កុដិថ្ម និងកុដិឈើ, ខ្លោងទ្វារធំ, សាលាធម្មសភា, វច្ចកុដិ ៧បន្ទប់, ឈាបនដ្ឋាន, ជួសជុលផ្លូវ ទិញដីដាក់គរុភណ្ឌក្រាលថ្មមិច។
ក្នុងឱកាសសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយប្រជាពលរដ្ឋនេះ លោក ណុប ដារ៉ា បានលើកឡើងនូវការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ចំពោះសុខុមាលភាពសង្គម បញ្ហាសន្តិសុខសណ្តាប់ធ្នាប់ ការដោះស្រាយបាននូវបញ្ហាគ្រឿងញៀន ភាពសាមគ្គីផ្ទៃក្នុងជាតិ បង្កើនមិត្តបរទេសខាងក្រៅ។
ជាមួយគ្នានេះ រាជរដ្ឋាភិបាល បាននិងកំពុងដោះស្រាយសម្របសម្រួលចំពោះ EBA និងសហភាពអឺុរ៉ុប ព្រមទាំងបញ្ជាក់នូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានប្រកាសដាក់ចេញនូវកញ្ចប់វិធានការកំណែទម្រង់ជិត ២០ចំណុច សំដៅលើកកម្ពស់ការវិនិយោគនៅកម្ពុជា និងដើម្បីត្រៀមទប់ទល់ដោយប្រកាលណាមួយ ពេលកម្ពុជាបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA៕