(បន្ទាយមានជ័យ)៖ នៅថ្ងៃអាទិត្យ ទី៣១ ខែមីនា ឆ្នាំ២០១៩ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាលជាមួយនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកឧត្តមសេនីយ៍មេបញ្ជាការរង, នាយរងសេនាធិការ, ស្នងការ, ស្នងការរង, និងនាយការិយាល័យព្រមទាំងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យជាច្រើនរូបទៀត។
ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ សៅ សុខា បានលើកឡើងអំពី នយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល បានចាត់ទុកបញ្ហាសន្តិភាព សន្តិសុខ ស្ថិរភាពនយោបាយ គឺជាកិច្ចការងារចម្បង ហើយ លើកទឹកចិត្ត នូវរាល់ ស្នាដៃដែលអាវុធហត្ថ បានរួមចំណែកបង្កើតបានជាសមិទ្ធផល ហើយសមិទ្ធផលធំជាងគេ គឺការួមចំណែកថែរក្សាបាននូវសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ ស្ថិរភាពនយោបាយ ធ្វើឲ្យប្រទេសមានរបៀបរៀបរយ ក្លាយជាប្រទេសនីតិរដ្ឋ និងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយសង្គ្រោះប្រជាជន ក្នុងនោះ បានកសាងជំរំជម្រក ជាបន្តបន្ទាប់ពីថ្នាក់ជាតិ រហូតដល់រាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ និងស្នាក់ការសន្តិសុខផងដែរ។
មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសរូបនេះ ក៏បានថ្លែងនូវការកោតសរសើរ និងថ្លែងអំណរគុណ ដល់នាយអាវុធហត្ថទាំងអស់ ដែលបានរួមជាមួយ មេបញ្ជាការ ធ្វើកិច្ចការងារសំខាន់ៗ ទទួលបានលទ្ធផលល្អប្រសើរ ធ្វើឲ្យអង្គភាពអាវុធហត្ថមានកេរ្តិ៍ឈ្មោះ និងក្លាយជាកម្លាំងស្នូលមួយ នៃខឿនសន្តិសុខជាតិ និងប្រជាជន។
នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានអំពាវនាវដល់អាវុធហត្ថគ្រប់រូប ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងបានធ្វើការផ្តាំផ្ញើដល់កម្លាំងអាវុធហត្ថទាំងអស់ ត្រូវមានសាមគ្គីឯកភាពផ្ទៃក្នុងរឹងមាំ លើកកម្ពស់ស្មារតីចូលរួមសហការ ដើម្បីសេចក្តីសុខ សណ្តាប់ធ្នាប់ល្អ ប្រជាជនរស់នៅគ្មានការភ័យខ្លាចគ្មានបទល្មើស។
លើសពីនេះ ត្រូវលើកកម្ពស់ស្មារតីប្រុងប្រយ័ត្ននូវឧបាយកលលាបពណ៌ និងយុទ្ធសាស្ត្រតាក់តែងបំបែកបំបាក់ របស់មជ្ឈដ្ឋានប្រឆាំងអគតិ និងត្រូវតាមដាននូវ សកម្មភាពបើសកម្មភាពណាដែលបំពានច្បាប់ ត្រូវតែបង្ក្រាបភ្លាម ត្រូវបន្តការងារអប់រំជាប្រចាំ ដើម្បីកសាងនូវមនសិការស្នេហាជាតិ ស្រឡាញ់ជាតិ គោរពច្បាប់រដ្ឋធម្មនុញ្ញ ការពារប្រជាជន ការពារទឹកដី ការពារអំណាចរដ្ឋ ដែលកើតចេញពីការបោះឆ្នោត៕