(ព្រះវិហារ)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩នេះ បានប្រគល់ផ្ទះឈើប្រកស័ង្កសីមួយខ្នង និងសម្ភារប្រើប្រាស់ជាច្រើនទៀត ជូនគ្រួសារក្រីក្រមួយគ្រួសារដែលមានជីវភាពខ្វះខាតមានកូនតូចៗចំនួន៦នាក់ ក្នុងបន្ទុក រស់នៅភូមិបុស្សធំ ឃុំប្រមេរ ស្រុកត្បែងមានជ័យ។
លោក អ៊ុន ចាន់ដា បានលើកឡើងថា ក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ លោកបានប្រកាសជំហរហើយថា ទីណាប្រជាពលរដ្ឋមានការលំបាកទីនោះតែងតែមានថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា គ្រប់លំដាប់ថ្នាក់នៅរួមសុខរួមទុក្ខ ជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា បានន័យថាមិនបណ្តែតបណ្តោយឲ្យប្រជាពលរដ្ឋណាម្នាក់រស់នៅលំបាកវេទនា ឬរស់នៅឯកោឡើយ។
លោកថា ក្រោមគោលនយោបាយ និងមាគ៌ាដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើអោយប្រទេសជាតិទទួលបានសុខសន្តិភាព និងការអភិវឌ្ឍ ក្នុងទិសដៅគិតគូរពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ៗរូប ហើយគណបក្សប្រជាជនកម្ពុជាក៏មិនដែលសន្យាបោកប្រាស់ដូចគណបក្សនយោបាយខ្លះនោះទេ។
ជាក់ស្តែង ទង្វើរបស់គណបក្សប្រជាជនកម្ពុជាមិនមែនធ្វើតែក្នុងពេលនេះ ឫក៏ពេលឃោសនាបោះឆ្នោតនោះទេ គឺយើងបានធ្វើជាយូរឆ្នាំមកហើយជាប្រចាំ។ ហើយកន្លងមកគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ ក៏បានប្រគល់ផ្ទះទេវតាជាច្រើនខ្នងនៅតាមបណ្តាក្រុង ស្រុក ទូទាំងខេត្តជូនប្រជាពលរដ្ឋដែលខ្វះខាតផងដែរ។
លោកក៏បានផ្តាំផ្ញើដល់ក្រុមគ្រួសារដែលទទួលបានផ្ទះពីគណបក្សប្រជាជនកម្ពុជានៅពេលនេះ ត្រូវខិតខំបង្កបង្កើនផលបន្ថែម ដើម្បីបង្កើនជីវភាពគ្រួសារអោយរឹតតែប្រសើរ ហើយត្រូវមានការជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដោយមិនត្រូវជឿតាមការញុះញង់ផ្សេងៗពីក្រុមជនអគតិណាមួយនោះទេ៕