(ព្រៃវែង)៖ ផ្ទះសម្បែងជាជម្រកដ៏ចាំបាច់សម្រាប់មនុស្សគ្រប់រូបនៅលើលោកាយើងនេះ។ ដោយសារតែជីវភាពខ្វះខាតអតីតយុទ្ធជន៤គ្រួសារនៅក្នុងស្រុកពាមជរ ខេត្តព្រៃវែង បានខ្វះផ្ទះសម្បែងធ្វើជាទ្រនំសម្រាប់ការរស់នៅ។ ឥលូវភាពលំបាក ការខ្វះផ្ទះសម្បែងរបស់ពួកគេត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោះស្រាយជូនហើយ ដោយបានប្រគល់ផ្ទះចំនួន៤ខ្នងជូនពួកគេសម្រាប់រស់នៅជួបគ្រួសារដោយភាពកក់ក្តៅ។
ផ្ទះជាអំណោយប្រកបដោយទឹកចិត្តសម្បុរសធម៌របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានលោកទេសរដ្ឋមន្ត្រី គន់ គីម ចុះទៅប្រគល់ជូនដោយផ្ទាល់នៅព្រឹកថ្ងៃអាទិត្យ ទី៣១ ខែមីនា ឆ្នាំ២០១៩នេះ។ ការចុះប្រគល់ផ្ទះនេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនខេត្តព្រៃវែង។
នាយឧត្តមសេនីយ៍ គន់ គីម បានលេីកឡេីងពីការយកចិត្តទុកដាក់របស់សម្តេចទាំងទ្វេលេីសុខទុក្ខ និងជីវភាពប្រចាំថ្ងៃរបស់សមាជិកអតីតយុទ្ធជនកម្ពុជា។
លោកទេសរដ្ឋមន្ត្រី ក៏បានជំរុញក្រុមគ្រួសារដែលទទួលបានផ្ទះពីសម្តេចត្រូវចេះថែទាំ និងត្រូវខិតខំប្រកបរបរចិញ្ចឹមជីវិត លេីកស្ទួយជីវភាពរស់នៅឱ្យកាន់តែប្រសើរ។
ក្នុងឱកាសនោះដែរលោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានរំលឹកដល់ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រៃវែង ត្រូវគ្រប់គ្រងសមាជិក ស.អ.ក ដែលរស់នៅក្នុងមូលដ្ឋានរបស់ខ្លួន។ ពេលពួកគាត់មានបញ្ហាអ្វីមួយត្រូវជួយដោះស្រាយឱ្យទាន់ពេលវេលា និងបានជំរុញឱ្យបេីកប្រាក់ បេឡាមរណៈ សង្គ្រោះ ឱ្យបានទានពេលវេលា និងបន្តធ្វេីផ្ទះអំណោយរបស់សម្តេចឱ្យរួចតាមផែនការ៣៧ខ្នង ដេីម្បីប្រគល់ជូនសមាជិកអតីតយុទ្ធជនដែលខ្វះខាតឱ្យបានទាន់ពេលវេលា។
លោក សាត ពុធ ជាជនពិការរស់នៅភូមិ កោះចេក ឃុំកោះចេក ស្រុកពាមជរ តំណាងឱ្យបងប្អូនទាំង៤គ្រួសារ បានគោរពថ្លែងអំណរគុណសម្តេចទាំងពីរ ដែលផ្ដល់ផ្ទះជូនពួកគាត់ ធ្វេីឱ្យជីវភាពរស់នៅរបស់ពួកគាត់មានលំនឹង និងបានគោរពជូនពរឱ្យសម្តេចទាំងពីរ និងក្រុមគ្រួសារមានសុខភាពល្អបរិបូរណ៍កម្លាំងពលំខ្លាំងក្លាដឹកនាំនាវាកម្ពុជាកាន់តែរីកចម្រើន៕