(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានការគាំទ្រ និងជោគជ័យ ២ ឆ្នាំជាប់ៗគ្នានៃព្រឹត្តិការណ៍ពិព័រណ៍អាហារក្នុងប្រទេសកម្ពុជារួចមក ស្លាបព្រាបានរៀបចំពិព័រណ៍អាហាដ៏ធំម្តងទៀតសម្រាប់ឆ្នាំ២០១៩។
ព្រឹត្តិការណ៍ដ៏អស្ចារ្យ និងគួរឱ្យចាប់អារម្មណ៍នេះ បានប្រព្រឹត្តិទៅនៅថ្ងៃទី៣០-៣១មីនា ឆ្នាំ២០១៩នេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដែលមានការចូលរួមពីអាជីវករ និងក្រុមហ៊ុនផ្នែកចំណីអាហារប្រមាណជាង ២០០ ក្រុមហ៊ុន និងមានអ្នកចូលរួមប្រមាណជាង៣០០,០០ នាក់ ដោយស្លាបព្រា បានធ្វើការផ្តល់ជូនជម្រើសកាន់តែច្រើននៃមុខម្ហូបបែបខ្មែរ និងអន្តរជាតិជាច្រើនមុខដែលមានរសជាតិឈ្ងុយឆ្ងាញ់បំផុត ។
គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ដ៏ធំប្រចាំ២០១៩ នេះមានការចូលរួមពីក្រុមហ៊ុន aT, Korea Agro-Fisheries & Food Trade Corporation ផងដែរ។
ក្រុមហ៊ុន aT បានធ្វើការបង្ហាញផលិតផលម្ហូបអាហារក៏ដូចជាភេសជ្ជៈជំនួយសម្រស់ និងសុខភាពដ៏ល្អបំផុតរបស់ប្រទេសកូរ៉េដែលកំពុងតែទទួលបានការគាំទ្រយ៉ាងច្រើនក្នុងទីផ្សារប្រទេសកម្ពុជាដូចជា៖ ត្រសក់ស្រូវពណ៌លឿងពីប្រទេសកូរ៉េ ភេសជ្ជៈខូលឡាជេន ផលិតផលអាហារបំប៉នសុខភាពសម្រាប់កូនតូច ស៊ុបមាន់យ៉ិនសិន (Samgyetang) ដ៏ឈ្ងុយឆ្ងាញ់ដែលមានគុណប្រយោជន៍បំផុតសម្រាប់សុខភាព ដែលតែងតែត្រូវបានបង្ហាញក្នុងកម្មវិធីដ៏ល្បី K-Dramas ផងដែរ។
អ្នកស្រី Chae-Eun Kim ដែលជានាយកគ្រប់គ្រងក្រុមហ៊ុន aT នៅកម្ពុជាបានថ្លែងថាក្រុមហ៊ុន aT ពិតជារំភើបសប្បាយរីករាយក្រៃលែង ដែលបានចូលរួមក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។
អ្នកស្រីក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ ស្លាបព្រា ដែលបានផ្តល់ឱកាសក៏ដូចជាទីតាំងដ៏ល្អក្នុងការបង្ហាញ និងលើកកម្ពស់ម្ហូបអាហារដ៏ល្អបំផុតរបស់ប្រទេសកូរ៉េ ជូនដល់ប្រទេសកម្ពុជា។ អ្នកស្រីបានបញ្ជាក់ទៀតថា “ប្រទេសកូរ៉េគឺ ត្រូវបានពិភពលោកស្គាល់ និងទទួលបានភាពល្បីល្បាញតាមរយៈឧស្សាហ៍កម្មតន្រី្ត ប៉ុន្តែប្រទេសកូរ៉េក៏មានម្ហូបដែលល្អបំផុត ចំពោះសុខភាព ដែលប្រទេសទូទាំងពិភពលោកគ្រប់ជាតិសាសន៍ អាចរីករាយ និងទទួលយកបានផងដែរ”។
សូមរំឭកផងដែរថា ក្រៅពីការភ្លក់ និងញុំាអាហារដ៏ឈ្ងុយឆ្ងាញ់សម្រាប់សុខភាព និងសម្រស់ដោយឥតគិតថ្លៃក្រុមហ៊ុន aT ក៏បានផ្តល់ឱកាសដល់អ្នកចូលរួមក្នុងស្តង់របស់ខ្លួនទាំងអស់ថតរូបអនុស្សាវរីយ៍ និងធ្វើការផ្តល់ជូនបទពិសោធន៍ ដ៏អស្ចារ្យដំបូងគេជាមួយនឹងការពាក់សម្លៀកបំពាក់បែបប្រពៃណីកូរ៉េ “hanbok” ដ៏ល្បីល្បាញទូទាំងពិភពលោក ដែលយើងតែងតែឃើញក្នុងខ្សែភាពយន្តតែប៉ុនណោះ។
អ្នកស្រី Kim បាបន្ថែមទៀតថា “ ខ្ញុំជឿថាចំណីអាហារមិនគ្រាន់តែផ្តល់សារធាតុបំប៉នដល់រាងកាយទាំងមូល ប៉ុណ្ណោះទេ ថែមទាំងផ្តល់នូវអនុស្សាវរីយ៍ដ៏ផ្អែមល្ហែម ពេលវេលាដ៏រីករាយជាមួយមិត្តភក្តិ មនុស្សជាទីស្រឡាញ់ និងក្រុមគ្រួសាររបស់យើង ដែលជាផ្នែកមួយដ៏សំខាន់បំផុតក្នុងការរក្សាទំនាក់ទំនង ព្រមទាំងមិត្តភាពដ៏យូរអង្វែងផងដែរ។ហើយអ្វីដែលអ្នកស្រីមិនអាចបំភ្លេចបាននោះគឺ ព្រឹត្តិការណ៍នៃពិព័រណ៍អាហារនេះ ពិតជាមានសារៈសំខាន់បំផុត និងមិនមែនគ្រាន់តែជាការបង្ហាញអាហាររបស់ប្រទេសកូរ៉េតែមួយផ្នែកឡើយ”។
ជាចុងក្រោយក្រុមហ៊ុន aT បានសន្យាថាខ្លួននឹងបន្តចូលរួមគ្រប់កម្មវិធីអាហារជាច្រើនទៀត ដើម្បីធ្វើការបង្ហាញនូវរសជាតិអាហារថ្មីៗដ៏មានឱជារសជូនដល់ប្រទេសកម្ពុជា ក៏ដូចជាធ្វើការស្វែងយល់ និងផ្លាស់ប្តូរវប្បធម៌រវាងប្រទេសកូរ៉េ និងព្រះរាជាណាចក្រកម្ពុជាផងដែរ៕